(ស្វាយរៀង)៖ កាកបាទក្រហមកម្ពុជាសាខាខេត្តស្វាយរៀង បានប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោកកាកបាទអឌ្ឍចន្ទ័ក្រហមក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ដោយទទួលបានថវិកាពីសប្បុរសជននានាប្រមាណ ៣០ម៉ឺនដុល្លារអាមេរិក។

ទិវាពិភពលោកកាកបាទអឌ្ឍចន្ទ័ក្រហម ដែលប្រារព្ធធ្វើឡើងនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្នសភាព្រទ្ធឹសភា និងអធិការកិច្ច រួមនិងថ្នាក់ដឹកនាំ មន្រ្តីកាកបាទក្រហម ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនឯកជនមួយចំនួនទៀត។

លោកស្រីឧបនាយករដ្នមន្ត្រី ម៉ែន សំអន បានថ្លែងអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ចូលរួមបរិច្ចាគធនធានហិរញ្ញវត្ថុឲ្យកាន់តែច្រើនថែមទៀត ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌​ របស់កាកបាទក្រហមកម្ពុជា ក្នុងន័យ លើកកម្ពស់នូវវប្បធម៌ចែករំលែក និងដើម្បីឱ្យប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» នេះ ទទួលបានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។

លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុ​ណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមប្រារព្ធទិវាពិភពលោកកាកបាទអឌ្ឍចន្ទ័ក្រហម និងចូលរួមចែករំលែកថវិកាផ្ទាល់​ខ្លួន សម្រាប់​ជា​ប្រយោជន៍​ទ្រទ្រង់ ​ដល់​សកម្មភាពមនុស្សធម៌ នៃកាកបាទ​ក្រ​ហម​​​កម្ពុជា សាខា​​​ខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច ព្រមទាំងអ្នកមានធនធានចូលរួមក្នុងយុទ្ធនាការផ្តល់ទឹក ជូនប្រជាពលរដ្ឋ នៅក្នុង​ខេត្តស្វាយរៀង ដែលកំពុងប្រឈមការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ លោកស្រី ម៉ែន សំអន បានជំរុញឲ្យ​សម្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅខេត្តស្វាយរៀង ត្រូវសស្រាក់សស្រាំ​ជួយ​ប្រជាពលរដ្ឋ រួមទាំងកាកបាទ​ក្រហមកម្ពុជា យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងបណ្តាកម្លាំងមនុស្សធម៌​ដទៃទៀត សម្បុរសជននានា រួមគ្នា​សាមគ្គីជួយ​ប្រជាពល​រដ្ឋ ក្នុងយុទ្ធនាការផ្តល់ទឹកនេះ ក្រកបដោយប្រសិទ្ធភាពខ្ពស់៕