(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទដាក់លក់ នៅលើទីផ្សារនោះ មន្រ្ដីកាំកុងត្រូលសាខាខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យផ្សារកំពង់ធំ ក្នុងក្រុងស្ទឹងសែន។

លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញ បានយកចិត្តទុកដាក់ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈគ្រឿងឧបភាគ បរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករកំពុងដាក់តាំងលក់នៅតាមតូប ដើម្បីទទួលបាននូវម្ហូបអាហារ ប្រកបដោយសុវត្ថិភាពនិងមិន ប៉ះពាល់ដល់សុខភាព។

លោកបានអះអាងថា តាមរយៈការចុះត្រួតពិនិត្យនៅទីផ្សារកំពង់ធំនេះ កម្លាំងរបស់លោកបានរកឃើញទំនិញ ខូចគុណដូចជាផ្សិត កំប៉ុង១៤ ហួសកាលបរិច្ឆេទខូចគុណភាព, គ្រឿងសម្លរការីម៉ាក MAEPcoy ៥ខូចគុណភាព ទឹកដោះគោចំនួន១២ខូចគុណភាព, ទឹកគូលេន១កំប៉ុង និងគ្រឿងសំអាង៥មុខ គ្មានស្លាកសញ្ញាត្រឹមត្រូវ។

លោកប្រធានសាខា បានឲ្យដឹងថា ក្រោយពីរកឃើញទំនិញខូចគុណភាពទាំងអស់នោះ កម្លាំងរបស់លោក រឹបអូសយកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនាពេលខាងមុខ។

លោក លៀង សុភា បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញបានធ្វើការចុះត្រួតពិនិត្យជាប្រចាំទៅតាមការណែនាំពីអគ្គនាយក កាំកុងត្រូល ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវការធ្វើចរាចរ ចែកចាយលក់ដូរផលិតផលម្ហូបអាហារគ្មានអនាម័យទំនិញ ខូចគុណភាព។ លោកប្រធានសាខាក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់៕