(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានបញ្ជាឲ្យវាយកម្ទេចចោលសំណង់របស់អាគារណាហ្គា ដែលបានសង់រំលោភលើផ្លូវសាធារណៈ។ យោងតាម Page Facebook របស់លោក ជា សុផារ៉ា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «សំណង់ណាហា្គកាន់តែហ៊ាន កាន់តែផ្គើន កាន់តែលយចេញមកលើផ្លូវសាធារណៈ វាយចោលសិនកុំឲ្យធា្លប់»។

សូមបញ្ជាក់ថា កន្លងទៅសំណង់ណាហ្គា ត្រូវបានគេមើលឃើញថា បានសង់រំលោភមកលើផ្លូវសាធារណៈ ប៉ុន្តែមិនមានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ ដូច្នេះគេសង្ឃឹមថា ដល់ដំណាក់កាលរបស់លោកជា សុផារ៉ា ជារដ្ឋមន្រ្តីនេះ នឹងធ្វើឲ្យមានប្រសិទ្ធភាព។

កាលពីព្រឹកមិញលោក ជា សុផារ៉ា បានព្រមានខ្លាំងៗ ចំពោះការសាងសង់សំណង់ទាំងឡាយខុសបច្ចេកទេស និងខុសបទដ្ឋានគតិយុទ្ធ ជាពិសេសសំណង់ក្រុមហ៊ុនបរទេស រហូតលោក នឹងប្តឹងទៅស្ថានទូតសាមុី ឲ្យដាក់​ Black List (ដាក់ក្នុងបញ្ជីខ្មៅ) នៃក្រុមហ៊ុនទាំងនោះទៀតផង។

ការព្រមានខ្លាំងៗរបស់រដ្ឋមន្រ្តីកណ្តាប់ដៃដែករូបនេះ បានធ្វើឡើងនៅព្រឹកថៃ្ង៣ ខែ ឧសភា ឆ្នាំ ២០១៦ ក្នុងពិធីបើកការដា្ននសាងសង់សណ្ឋាគារ The shangri-la Hotel ស្ថិតនៅកែ្បរដងទនេ្លបាសាក់ត្រើយខាងលិច កំពស់៥៥ជាន់ មាន៣០០បន្ទប់លំដាប់ផា្កយ៥ ចំណាយទុនវិនិយោគ ៥៨០ លានដុលា្លរ របស់ក្រុមហ៊ុន Oxley-Gem និងក្រុមហ៊ុន WorldBidge Land។

នៅក្នុងពិធីនោះអតីតអភិបាលរាជធានីភ្នំពេញរូបនេះ បានចោទសួរថា ហេតុអ្វីក្រុមហ៊ុនបរទេសទាំងនេះ ពេលសាងសង់នៅប្រទេសគេផ្សេង អីក៏គោរពច្បាប់ម្ល៉េះ? ចុះហេតុអ្វីមកសាងសង់នៅស្រុកខ្មែរ មិនសូវគោរពច្បាប់ចឹង ហេតុដូច្នេះហើយ ចាប់ពីពេលនេះទៅ ក្នុងនាមលោកជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នឹងធ្វើការងារនេះ យ៉ាងមានប្រសិទ្ធភាពជាទីបំផុត មិនឲ្យសំណង់ទាំងនេះ ធ្វើខុសបច្ចេកទេស និងខុសពីបទដ្ឋានគតិយុទ្ធទៀតឡើយ។

លោកបានបញ្ជាក់ថា បើសិនលិខិតស្នើសុំមកលោក លើការសាងសង់សំណង់ទាំងនេះ ហើយក្រោយការពិនិត្យទៅខុសបច្ចេកទេសនោះ នឹងបោះចូលក្នុងធុងសំរាមភ្លាម។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធរ មានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធទាំងអស់ ឱ្យពិភាក្សា និងមានវិធានការកែលម្អវិញជាបន្ទាន់ នូវសំណង់អគាររបស់ក្រុមហ៊ុន NAGA World ដែលបានសាងសង់ប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ៕