(ប្រេស៊ីល)៖ តុលាការនៃប្រទេសប្រេស៊ីល បានបញ្ជាឲ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ធ្វើការ Block កម្មវិធីជជែក កម្សាន្ត WhatsApp ចំនួន ៧២ម៉ោង ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការបិទនេះឡើយ នេះ​បើយោងតាមការចេញផ្សាយរបស់កាសែត New York Times ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

ចៅក្រមឈ្មោះ Marcel Maia Montalvão បានបញ្ជាទៅកាន់ក្រុមហ៊ុនទូរគមនាគមន៍ដែលប្រតិបត្តិការនៅក្នុងប្រទេស ប្រេស៊ីលទាំងមូល ឲ្យផ្អាកប្រតិបត្តិការកម្មវិធី WhatsApp ចំនួន ៧២ម៉ោង ដោយមូលហេតុត្រូវបានគេសង្ស័យថា អាចពាក់ព័ន្ធនឹងការផ្ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ WhatsApp ក្នុងរឿងក្ដីព្រហ្មទណ្ឌមួយ ប៉ុន្តែតុលាការមិនបាន បញ្ជាក់ឲ្យដឹងនោះទេ។

ប្រភពជិតស្និទ្ធនឹងស្ថានការណ៍នេះ បានលួចបង្ហើបឲ្យដឹងថា តុលាការប្រេស៊ីលត្រូវបានទិន្នន័យអ្នកប្រើប្រាស់ WhatsApp ដើម្បីធ្វើការស៊ើបអង្កេតទៅលើរឿងក្ដីព្រហ្មទណ្ឌ ប៉ុន្តែត្រូវបានក្រុមហ៊ុន Facebook ដែលជាមេធំរបស់ WhatsApp បដិសេធ ទើបតុលាការប្រេស៊ីល បញ្ជាឲ្យផ្អាកប្រតិបត្តិការ WhatsApp ចំនួន ៧២ម៉ោង ជាការព្រមាន។

គួរបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ តុលាការប្រេស៊ីល បានបញ្ជាឲ្យផ្អាកប្រតិបត្តិ ការ WhatsApp ចំនួន ៤៨ម៉ោង និងមិនបញ្ជាក់ពីមូលហេតុដូច្នេះ៕