(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ មានសមាជិកថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិចំនួន៨២៧នាក់ បានរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងទៅកាន់សមាជិកថ្មីថា «យើងកុំភ្លេចគុណគណបក្សប្រជាជនកម្ពុជា ព្រោះជាគណបក្សមួយដែលបានជួយយើងក្នុងគ្រាលំបាក ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ចោល ពោលគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ជាគ្រួសារតែមួយ»។
លោកបានលើកទឹកចិត្តដល់សមាជិកទាំងអស់ត្រូវបន្តផ្សព្វផ្សាយពីសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលបច្ចប្បន្ន ដែលជាស្នាដៃគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីបាតទទេមក។ គណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់សុខសន្តិភាព សិទ្ធិសេរីភាពពេញលេញ និងតែងតែគិតគូរពីសុខមាភាពរបស់ពលរដ្ឋជានិច្ច។
លោក វង សូត បានជំរុញឲ្យមន្ត្រីគណបក្សនៅតាមមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យល្អប្រសើរ ដោយមិនមានការប្រកាន់បក្សពួក ឬនិន្នាការណាមួយឡើយ។
មន្ត្រីបក្សត្រូវបន្តកសាងសមាជិកថ្មីៗបន្ថែមទៀត ក្រោមរូបភាពស្មោះស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំ និងបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីឲ្យបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា បន្តដឹកនាំប្រទេសជាតិ៕