(តាកែវ)៖ ក្រុមអតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន១៣៤៨នាក់ នៅស្រុកព្រៃកប្បាស់ បានសម្រេចចិត្តវិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីទទួលសមាជិកអតីតគណបក្សសង្រ្គោះ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃ សៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២ នៅក្នុងស្រុកព្រៃកប្បាស់ ក្រោមអធិបតីភាពលោកគ្រូមាអ្នកឧកញ៉ា លី សាម៉េត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវ។
ថ្លែងនៅក្នុងពិធីនោះលោក អ៊ូច ភា បានមានមតិស្វាគមន៍ផងដែរថា លោកពិតជាសប្បាយចិត្តនៅពេលឃើញវត្តមានរបស់បងប្អូននៅថ្ងៃនេះ និងលើកទឹកចិត្តឲ្យបងប្អូន ដែលជាអតីតសមាជិករបស់អតីតគណបក្សប្រឆាំងទាំងអស់ ជឿទុកចិត្តក្នុងការចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងណាគាំទ្រសម្ដេចតេជោ ដើម្បីដឹកនាំប្រទេសឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទ្វេឡើង។
លោកឧកញ៉ា លី សាម៉េត បានចាត់ទុកការវិលត្រឡប់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចឹត្តដ៏ត្រឹមត្រូវ ហើយគណបក្សប្រជាជនរងចាំបើកទ្វាចំហរជានិច្ច ក្នុងការទទួលដោយកក់ក្តៅបំផុតចំពោះបងប្អូន គ្រប់និន្នាការទាំងអស់ដោយមិនមានការរើសអើងនោះទេ។
នៅក្នុងឱកាសនោះលោក លី សាម៉េត បានលើកឡើងពីការគាំទ្រដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបញ្ញវ័ន្តវ័យក្មេង ដែលនឹងដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀតជាក់ជាពុំខាន។
នាឱកាសនោះផងដែរ សមាជិកទាំងអស់ដែលបានចូលរួមជាមួយ និងគណបក្សប្រជាជននៅថ្ងៃនេះ ក៏បានធ្វើការប្ដេជ្ញាចិត្តថា នឹងចូលរួមបម្រើគណបក្សប្រជាជនកម្ពុជា បម្រើសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនមានការកែប្រែជារៀងរហូត៕