(កំពង់ស្ពឺ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានបរិច្ចាគទឹកដល់ប្រជាពលរដ្ឋចំនួន ៥៣គ្រួសារបន្ថែមទៀត ក្នុងភូមិស្នួល ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  នៅដើមខែឧសភា ឆ្នាំ២០១៦នេះ។

លោក ស្វាយ ជឿង មេឃុំមហាឫស្សី ថ្លែងថា បច្ចុប្បន្នប្រជាពលរដ្ឋក្នុងឃុំ របស់លោកត្រូវទិញទឹកគេមកប្រើ ដោយទឹកចំណុះប្រហែល ពីរពាន់លីត្រតម្លៃ២៥,០០០រៀល។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្លះ ដែលពុំមានលទ្ធភាព ត្រូវដងទឹកល្អក់ពីក្នុងស្រះដែលកំពុង រីងមកប្រើប្រាស់។  

លោកបន្ថែមថា «ខ្ញុំមានក្ដីត្រេកអរណាស់ និងអរគុណដល់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានមកចែកទឹកដល់ប្រជាពលរដ្ឋយើងខ្ញុំ ហើយទឹកដែលបានចែក គឺទុកសម្រាប់បរិភោគ ខណៈទឹកសម្រាប់ប្រើប្រាស់ ប្រជាជននៅអាចដងពីទឹកល្អក់ ក្នុងស្រះមកប្រើ បានខ្លះៗ»។  

អ្នកភូមិស្នួល អ្នកស្រី ឧក រ៉ាន់ បាបឲ្យដឹងថា «គ្រួសារខ្ញុំមិនដឹងទៅដងទឹកទីណាទេ គឺរាល់ថ្ងៃយើងដងទឹកល្អក់ហ្នឹងមកដាំហូបទៅ ព្រោះគ្មានជម្រើស»។  

នាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនខ្មែរប្រ៊ូវើរី លោកបណ្ឌិត អ៊ឹម សុធារិទ្ធ បានលើកឡើងថា «អ្វីដែលធ្វើឲ្យយើងស្រងោចចិត្តនោះ គឺទឹកតាមស្រះរីងខះអស់ហើយ ដែលគ្រួសារខ្លះបានដងទឹកល្អក់ដែលនៅបាតស្រះមកដាំហូប។ តែពេលយើងសប្បាយចិត្ត ដែលសកម្មភាពសប្បុរសធម៌របស់យើង ពិតជាបានទៅដល់អ្នកដែលត្រូវការទឹកជាចាំបាច់មែន»។

មកដល់ពេលនេះ រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរីបានដឹកទឹកទៅចែក ប្រជាពលរដ្ឋបានចំនួន៤ថ្ងៃជាប់ៗគ្នាចំនួន៤ភូមិ ក្នុងខេត្តពីរ គឺខេត្តកំពត និងខេត្តកំពង់ស្ពឺ សរុបជាគ្រួសារបានជាង២០០គ្រួសារ ហើយក្រុមហ៊ុនខ្មែរប្រ៊ូវើរី ដែលផលិតស្រាបៀរកម្ពុជា នឹងដឹកទឹកទៅចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ជាបន្តទៀតផងដែរ៕