(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ បច្ចេកទេសចុះពិនិត្យ ការដ្ឋានសាងសង់អគារ Naga World ដែលបានរំលោភផ្លូវសាធារណៈ ដែលនៅតែផ្គើនទៅនឹងចំណាត់ការ របស់អាជ្ញាធរ ពិសេសបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅថ្ងៃនេះលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់ បានព្រមានខ្លាំងៗ ឲ្យវាយកម្ទេចចោល នៅសំណង់រំលោភផ្លូវសាធារណៈនោះ។ 

ក្នុងការចុះពិនិត្យនោះ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុន Naga World ពន្លឿនការរុះរើនៅសំណង់ដែកដែលលយលើផ្លូវសាធារណៈ ធ្វើការកែសម្រួលឡើងវិញនូវចិញ្ចើមផ្លូវ ស្ថិតនៅមុខអាគារ Naga World ដែលសង់លយចេញមកលើផ្លូវសាធារណៈ និងត្រូវប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ផលប្រយោជន៍សាធារណៈមិនត្រូវប្រើប្រាស់ដើម្បី ផលប្រយោជន៍តែរបស់ខ្លួននោះទេ។  

សូមជម្រាបថា អាគារ Naga World ហាក់ដូចជាផ្គើន និងចំណាត់ការ របស់អាជ្ញាធររាជធានីភ្នំពេញ ពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ព្រោះថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ សម្តេចតេជោបានបញ្ជាឲ្យ អាជ្ញាធរនិងក្រសួងពាក់ព័ន្ធ ចាត់វិធានការកែលម្អជាបន្ទាន់ នូវសំណង់អគារដែលបានធ្វើលយ លើផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព រាជធានីភ្នំពេញ ប៉ុន្តែរហូតមកដល់ខែឧសភា ឆ្នាំ២០១៦ ទៅហើយ អគារ Naga World នៅតែមិនទាន់រុះរើរួចទៀត ទាំងនេះគឺជា ទង្វើផ្គើន នឹងអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕