(ភ្នំពេញ)៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៣នាក់ របស់គណបក្សភ្លើងទៀន បានប្រកាសដើរចេញពីបក្សរបស់ខ្លួន និងបានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
បេក្ខជនទាំង៣រូបនេះរួមមាន៖
*ទី១៖ លោក ដុំ ធឿន អាយុ៥២ឆ្នាំ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
*ទី២៖ លោក ឡេង លី អាយុ៥១ឆ្នាំ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
*ទី៣៖ លោក កាន់ ហឿន អាយុ៣៦ឆ្នាំ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
បេក្ខជនទាំង៣រូប បានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យពួកគេដើរចេញពីគណបក្សភ្លើងទៀត ដោយសារអស់ជំនឿ និងគ្មានទំនុកចិត្តតទៅទៀត។
បន្ទាប់ទទួលបានពាក្យស្នើសុំចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល បានប្រកាសទទួលស្គាល់ និងស្វាគមន៍ពួកគេទាំង៣រូប ជាសមាជិកពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ។
នៅចំពោះមុខបេក្ខជនទាំង៣នាក់ លោក ឃឹម ស៊ុនសូដា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល និងជាអភិបាលខណ្ឌ បានថ្លែងនូវការអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ អរគុណមគ្គុទ្ទេសក៍សន្តិភាពដ៏ឆ្នើម គឺសម្ដេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ ស្ថិរភាពពេញលេញ។ លោកបានលើកឡើងអំពីគុណតម្លៃនៃសន្តិភាព ដែលមិនអាចកាត់ថ្លៃបានពីសន្តិភាព ដោយសារមានសន្តិភាព ទើបប្រទេសកម្ពុជាមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ ហើយសន្តិភាពនេះគឺបានពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានផ្ដាំផ្ញើដល់សមាជិកថ្មីទាំងអស់ត្រូវបង្កើនការគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាសន្តិភាពតទៅពេលអនាគត និងចូលរួមជាមួយសមាជិកគណៈពង្រឹងទាំងអស់ចុះសួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕