(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំ សកម្មជន និងសមាជិកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ (CNRP) នៅសង្កាត់ច្រាំងចម្រេះទី១ និងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៦៤៤នាក់ បានស្ម័គ្រចិត្តចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (CPP) បន្ទាប់ពីពួកគេបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយចាស់ទុំ រឹងមាំ និងបានសាងស្នាដៃជាច្រើនចំពោះជាតិ និងប្រជាជន។ ជាពិសេសពួកគេពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។

ពិធីទទួលស្គាល់ និងស្វាគមន៍អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើងនៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក យូ សិរីវុឌ្ឍ, លោក ផេង គីមស្រ៊ុន, លោក គង់ លីវ៉ា និង លោក កឹម សំបូរ ដែលជាក្រុមការងាររបស់លោក លី សាមេត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសស្វាគមន៍វត្តមានរបស់អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិនេះ លោក យូ សិរីវុឌ្ឍ បានសម្តែងការរីករាយជាខ្លាំងចំពោះវត្តមានសមាជិកថ្មីទាំង ៦៤៤នាក់។ លោក បានចាត់ទុកការចូលរួមសកម្មភាពនយោបាយរបស់អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្ស CNRP ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចិត្តមួយដ៏ត្រឹមត្រូវបំផុត ក្នុងការកសាងសង្គមកម្ពុជា និងរក្សានូវសុខសន្តិភាពសង្គមជាតិ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃ។

លោក យូ សិរីវុឌ្ឍ បានបង្ហាញក្តីសង្ឃឹមថា សមាជិកថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិ នឹងចូលរួមធ្វើសកម្មភាពដ៏ខ្លាំងក្លាយនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបកាន់តែច្បាស់ពីស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចកសាងសង្គមកម្ពុជា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ដែលមិនមានអ្វីទាល់តែសោះ។ ជាពិសេសការធ្វើពលីកម្មរបស់សម្តេចតេជោ ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម បង្កើតនូវសុខសន្តិភាព ការឯកភាពជាតិ ដែលជាបុព្វលក្ខខណ្ឌដ៏សំខាន់ ក្នុងការធ្វើឱ្យសង្គមកម្ពុជាមានការចម្រើនលូតលាស់ដូចពេលបច្ចុប្បន្ន។

អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការដែលពួកគេចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេបានមើលឃើញយ៉ាងច្បាស់ថា គណបក្សកំពុងដឹកនាំប្រទេសមួយនេះ តែងតែនៅរួមសុខរួមទុក្ខ និងគិតគូរចំពោះប្រជាជនកម្ពុជាជាប់ជានិច្ច។

តំណាងអតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានគូសរំលេចយ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាជាអតីតថ្នាក់ដឹកនាំ CNRP ក្នុងខណ្ឌឫស្សីកែវ រួមនិងសមាជិកគាំទ្រ បានមើលឃើញយ៉ាងច្បាស់ថា នៅប្រទេសកម្ពុជាយើងមានតែគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែរួមសុខរួមទុក្ខ ជួយគិតគូរចំពោះប្រជាជន និងខិតខំកសាងសង្គមជាតិឱ្យមានភាពរីកចម្រើន រស់យ៉ាងសុខសាន្ត និងមានសុភមង្គល»

អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិទាំងអស់នេះ បានប្រកាសសច្ចាស្មោះត្រង់ជាមួយសម្តេចតេជោ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ។ ពួកគេ ក៏បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕