(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់គណបក្សភ្លើងទៀន ជុំវិញបញ្ហាការរៀបចំបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។

សេចក្ដីថ្លែងការណ៍របស់ គ.ជ.ប បានបញ្ជាថា សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ គឺជាការថ្លែងចោទប្រកាន់មកលើស្ថាប័ន គ.ជ.ប ដោយមិនទទួលស្គាល់នូវកំហុស និងកង្វះខាតរបស់ខ្លួនក្នុងការរៀបចំបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែល គ.ជ.ប មិនអាចទទួលយកបាន និងសូមធ្វើការបដិសេធចំពោះការចោទប្រកាន់នេះ ព្រមទាំងសូមបំភ្លឺជូនសាធារណជនជាតិនិងអន្តរជាតិឲ្យបានជ្រាបថា៖

* ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមានសមាជិកចំនួន៩រូប ដែលដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចេញសេចក្តីសម្រេចលុបឈ្មោះបេក្ខជន ឬបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន គឺបានធ្វើឡើងស្របតាមគោលការណ៍ច្បាប់ជាធរមាន។

* យោងតាមមាត្រា ៥៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងករណីដែលប្រជាពលរដ្ឋប្តឹងសុំលុបឈ្មោះបេក្ខជន ប្រសិនបើក្រុមប្រឹក្សាជំនុំជម្រះរកឃើញថាបេក្ខជននោះ មានលក្ខណសម្បត្តិមិនគ្រប់គ្រាន់តាមច្បាប់កំណត់ ក្រុមប្រឹក្សាជំនុំជម្រះ នឹងចេញសេចក្តីសម្រេចលុបឈ្មោះបេក្ខជននោះ អនុលោមតាមមាត្រា ៣៥ និងមាត្រា ៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ផ្ទុយទៅវិញ ក្នុងករណីដែលប្រជាពលរដ្ឋប្តឹងសុំលុបបញ្ជីបេក្ខជននៃគណបក្សនយោបាយ ប្រសិនបើក្រុមប្រឹក្សាជំនុំជម្រះរកឃើញថា គណបក្សនយោបាយមានកំហុសខាងផ្លូវច្បាប់ក្នុងការចាត់ចែងរៀបចំបញ្ជីបេក្ខជន ដែលក្នុងនោះមានបេក្ខជនមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចជាមិនចេះអាន មិនចេះសរសេរអក្សរខ្មែរ មិនបានបំពេញប្រវត្តិរូប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះដោយផ្ទាល់ដៃខ្លួនឯង សាមីខ្លួនមិនបានដឹងខ្លួនថាគេឱ្យឈរឈ្មោះជាបេក្ខជន គេផ្តិតមេដៃ ឬចុះហត្ថលេខាជំនួស ដែលកត្តាទាំងអស់នេះធ្វើឱ្យបញ្ជីបេក្ខជនរបស់គណបក្សនយោបាយមិនបានបំពេញលក្ខខណ្ឌ និងលក្ខណសម្បត្តិគ្រប់គ្រាន់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប នឹងសម្រេចលុបបញ្ជីបេក្ខជននៃគណបក្សនយោបាយនោះ ស្របតាមមាត្រា ៣៥ មាត្រា ៤២ និងមាត្រា ៦១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយផ្អែកលើសេចក្តីសម្រេចរបស់ គ.ជ.ប យោងតាមមាត្រា ៦២ នៃច្បាប់នេះដែលចែងថា «ក្នុងករណីប្តឹងជំទាស់ត្រូវបានយល់ព្រម គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវបដិសេធបេក្ខភាព ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលមានការប្តឹងជំទាស់នោះ រួចហើយលុបបេក្ខភាព ឬបញ្ជីបេក្ខជននោះចេញ ព្រមទាំងដកហូត និងបដិសេធលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជននោះ»

* ជាងនេះទៀត មុននឹងក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេច គឺមានការស្តាប់ការបំភ្លឺក្នុងសវនាការសាធារណៈដោយភាគីដើមបណ្តឹង មេធាវីតំណាងដើមបណ្តឹង ភាគីចុងចម្លើយ មេធាវីតំណាងចុងចម្លើយ និងសាក្សីដើមបណ្តឹង ឬចុងចម្លើយ និងការពិនិត្យ ពិចារណាលើអង្គហេតុ និងអង្គច្បាប់។

* ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានរកឃើញករណីមិនប្រក្រតីជាច្រើនរបស់គណបក្សភ្លើងទៀនក្នុងការរៀបចំឯកសារនៃបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយអនុវត្តមិនបានត្រឹមត្រូវតាមស្មារតីនៃមាត្រា៣៥ មាត្រា៤២ មាត្រា៥៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលសបញ្ជាក់ឲ្យឃើញពីកង្វះការទទួលខុសត្រូវរបស់គណបក្សភ្លើងទៀន។

* ដោយឈរលើមូលដ្ឋានគតិយុត្តដ៏រឹងមាំដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជន និងបញ្ជីបេក្ខជនមួយចំនួនរបស់គណបក្សភ្លើងទៀន ហើយសេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។

គ.ជ.ប បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវគោរពច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យខាងតែបាន ដើម្បីការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ជាថ្មីម្តងទៀត គ.ជ.ប ជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល មិនមែនជាស្ថាប័ននយោបាយទេ គឺជាស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ ព្រមទាំងប្រកាន់គោលការណ៍របស់ខ្លួនយ៉ាងច្បាស់លាស់ គឺ ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព៕