(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ពស.២៥៦៦ ពោលគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតិភ្ញៀវទេសចរនៅក្នុងខេត្តពោធិ៍សាត់ បានមកចូលរួមទស្សនាកម្សាន្តសប្បាយ តាមតំបន់រមណីយដ្ឋាន ទាំង៣៥កន្លែង និងទីតាំងសង្ក្រាន្ត នៅទូទាំងខេត្ត សរុបប្រមាណ២៩៨,០៣៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន២៩៧,៩៩៣នាក់ និងភ្ញៀវបរទេស៤៤នាក់។ នេះបើមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ។

ប្រភពបានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរមានចំនួន ៨៣,៨៩៦នាក់, កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរមានចំនួន ១២០,៧១៤នាក់ និងថ្ងៃ១៦ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរមានចំនួន ៩៣,៤២៧នាក់។

មន្ត្រីជំនាញបានបន្ថែមថា នៅឆ្នាំថ្មីនេះរដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមការណែនាំពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កបរិយាកាសរីករាយជូនពលរដ្ឋ បានសម្រេចរៀបចំឱ្យមានកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺ«សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដែលមានរយៈពេលបីថ្ងៃ បួនយប់ គិតចាប់ពីយប់ថ្ងៃថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ និងតាមដងផ្លូវលេខ១០១។

ព្រឹត្តិការណ៍សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់ ដែលបានរៀបចំនេះ មានកម្មវិធីជាអាទិ៍៖ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រពៃណី របាំត្រុដិ ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា៖ ពិព័រណ៍សមិទ្ធផលភូមិមួយផលិតផលមួយ របស់បណ្តាក្រុង ស្រុក មន្ទីរ អង្គភាព ជុំវិញខេត្ត ផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគុំតន្ត្រី និងការរាំកំសាន្ត។ល។ ដោយឡែកនាពេលរាត្រី ក៏មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួច ជូនទស្សនាកំសាន្ត។ បន្ថែមពីនោះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក៏មានការរៀបចំធ្វើសង្រ្កាន្តនៅតាមបណ្តាវត្តអារាម សាលារៀន និងតំបន់កម្សាន្តនានាទូទាំងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជាមួយនឹងមានការតាំងពិព័រណ៌ សម្តែងសិល្ប: តន្រ្តីបុរាណសម័យ និងល្បែងប្រជាប្រិយផ្សេងៗផងដែរ។

ប្រភពបានបន្ថែមទៀតថា ពាក់ព័ន្ធសន្តិសុខ និង សណ្ដាប់ធ្នាប់ រមណីយដ្ឋាននានាក្នុងខេត្ត បានប្រព្រឹត្តិទៅជាធម្មតា។ តែអ្វីជាបញ្ហាប្រឈមខ្លះៗនោះ គឺប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិមួយចំនួនធំ ហាក់ដូចជាមានការទ្វេសប្រហែស ពុំសូវពាក់ម៉ាស ឬលាងដៃនឹងអាល់កុល ឱ្យបានញឹកញាប់ និងជាប្រចាំនោះឡើយ។ តែទោះជាយ៉ាងណា ក្រុមការងារមន្ទីរបានចែកជា៥ក្រុម សហការ និងទំនាក់ទំនងជាមួយអង្គភាព អាជ្ញាធរពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធាន សុវត្ថិភាព(SOP) និងគោលការណ៍ «៣កុំ ៣ការពារ»ជានិច្ច៕