(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ពេលវេលានៃការស្នើ សុំលិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងារនាវា និងបានប្រកាសបិទបញ្ចប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតជាភ្នាក់ងារនាវា ត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង, ក្រសួងបានបញ្ជាក់ថា ក្រោយពីប្រកាស ស្ដីពីនីតិវិធីផ្តល់លិខិតអនុញ្ញាតឱ្យក្រុមហ៊ុនភ្នាក់ងារនាវា បានចូលជាធរមានរួចមក ក្រុមហ៊ុនភ្នាក់ងារនាវាមួយចំនួន ពុំទាន់បានមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដើម្បីក្លាយជាក្រុមហ៊ុនភ្នាក់ងារនាវាស្របច្បាប់នៅឡើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរំលឹកដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវា ឱ្យបានត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មុនពេលដែលប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដាក់ឱ្យដំណើរការជាផ្លូវការ។

ក្នុងករណីក្រុមហ៊ុនភ្នាក់ងារនាវា ដែលមិនបានដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនោះទេ ក្រុមហ៊ុននឹងពុំមានសិទ្ធិក្នុងការទទួលបានគណនីប្រើប្រាស់ ក្នុងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីប្រើប្រាស់សម្រាប់រៀបចំបែបបទនាវាចូល-ចេញកំពង់ផែឡើយ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖