(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក -អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៅទីស្តីការក្រសួង។

ជំនួបនេះក៏មានការអមដំណើរពីលោក Benjamin V. Wohlauer អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូរបស់ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និងក្រុមហ៊ុន RMA Group និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងផងដែរ។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រេចបានគម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតដែលរួមមាន៖ គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥ ពីពីរគន្លងទៅបួនគន្លង ជាផ្នែកមួយនៃអាស៊ានហាយវ៉េ ដើម្បីតភ្ជាប់កម្ពុជាជាមួយបណ្ដាប្រទេសជិតខាង គម្រោងស្ថាបនាផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ និងការបញ្ចប់កិច្ចព្រមព្រៀងក្របខ័ណ្ឌ នៃគម្រោងសាង សង់ ផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត គម្រោងកសាងចំណតផែកុងតឺន័រថ្មីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលអនុញ្ញាតឱ្យនាវាធំៗ លើពិភពលោកចូលចត និងដឹកជញ្ជូនទំនិញទៅកាន់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិក រួមទាំងគម្រោងផ្សេងៗជាច្រើនទៀត។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងសាងសង់កំពង់ផែកំពតមួយបន្ថែមទៀត គ្រោងនឹងបើកការដ្ឋាននៅថ្ងៃស្អែក ដែលនឹងជួយបំពេញ បន្ថែមដល់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group ក្នុងការអភិវឌ្ឍ មជ្ឈមណ្ឌលភស្ភុភារកម្មភ្នំពេញ(PPLC) ដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធភស្តុភារកម្ម និងការដឹកជញ្ជូនរបស់កម្ពុជា។

ជាងនេះទៅទៀតលោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសប្រព័ន្ធផ្លូវទឹករបស់កម្ពុជា ដែលរួមមាន៖ ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេស្រែពក ទន្លេសេសាន ដែលជាប្រភពធនធានធម្មជាតិប្រកបដោយសក្កានុពលរបស់កម្ពុជា ហើយរហូតមកទល់ពេលនេះ កម្ពុជានៅមិនទាន់ ទាញ យកអត្ថប្រយោជន៍ឱ្យអស់លទ្ធភាពនៅឡើយ។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសារសំខាន់នៃការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណៈឱ្យស្របទៅនឹង បច្ចុប្បន្នភាព នៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០ ឬហៅថា៖ ឌីជីថលភាវូបនីយកម្ម (Digitalization) ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះការប្រឡងយក បណ្ណបើកបរ និងប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរផងដែរ។

ជាមួយគ្នានោះ តំណាងស្ថានទូតសហរដ្ឋអាមេរិក បានសំដែងនូវការគាំទ្ររបស់របស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានសន្យា ជំរុញឱ្យក្រុមហ៊ុន ក៏ដូចជាវិនិយោគិនរបស់អាមេរិក មកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីផ្ទេរក៏ដូចជាចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀតផងដែរ៕