(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់លោក លោក ថងលួន ស៊ីសូលីត ប្រធានរដ្ឋឡាវ និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជានបដិវត្តដ៍ឡាវ ដែលបានផ្ញើសារលិខិតមួយជូនសម្តេច ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោ ហ៊៊ន សែន បានលើកឡើងដូចតទៅ៖

ឯកឧត្តមអគ្គលេខាធិការ,

ខ្ញុំ និងភរិយាបានទទួលរួចហើយ នូវលិខិតរំលែកទុក្ខដ៏មានអត្ថន័យជ្រាលជ្រៅរបស់ ឯកឧត្តម ផ្ញើជូន ខ្ញុំ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់បងប្រុសបង្កើតរបស់ខ្ញុំ សម្ដេច ឧត្ដមទេពញាណ ហ៊ុន ណេង ជាទីគោរពស្រឡាញ់ ដែលលោកបានទទួលមរណភាព កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ពាក្យពេជន៍ដ៏ល្អនៃខ្លឹមសារចូលរួមមរណទុក្ខ និងសមានចិត្តរបស់ឯកឧត្តម ពិតជាជួយឲ្យខ្ញុំ ភរិយា និងក្រុមគ្រួសារទាំងមូល បានធូរស្បើយក្នុងគ្រាដ៏ក្រៀមក្រំនេះ។

ខ្ញុំសូមជូនពរឯកឧត្តម និងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គល និងបន្តជោគជ័យគ្រប់ភារកិច្ច។

សូម ឯកឧត្តម ទទួលនូវការរាប់អានជ្រាលជ្រៅពីខ្ញុំ»៕