(កំពង់ឆ្នាំង)៖ «ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ តែងចាត់ទុកការចូលរួមគាំទ្រពីសំណាក់សមាជិកគណបក្សគ្រប់ថ្នាក់ គឺជាប្រភពមិនចេះរីងស្ងួត ដែលធ្វើឱ្យគណបក្សទាំងមូលឈរយ៉ាងមាំក្នុងការបំពេញបេសកកម្មជាស្នូលដឹកនាំប្រទេសជាតិ»។
នេះគឺជាការគូសបញ្ជាក់របស់លោក ឌី ឡាំថា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ៦៦០ រូប (ស្រី ៣៤៣ រូប) ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមទាំងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងសមាជិកគណៈកម្មាធិការគណបក្សឃុំស្វាយជុក សរុបប្រមាណជាង ៧០០នាក់។
ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានថ្លែងថាការស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមសកម្មក្នុងការបន្តកសាងប្រទេសជាតិដោយសារតែ៖
* គណបក្សប្រជាជនកម្ពុជាមានភាពចាស់ទុំខាងនយោបាយ មានអាយុកាល ៧១ ឆ្នាំ
* គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម
* គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្តុំរួបរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដើម្បីដឹកនាំប្រជាជនវាយរំលំរបបដ៏យង់ឃ្នង រហូតទទួលបានមហាជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី ៧ មករា ១៩៧៩
* ៤៣ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ការពាររាល់សមិទ្ធផលសង្គមជាតិ និងក្នុងបុព្វហេតុសន្តិភាព បង្រួបប្រងួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍
* គណបក្សប្រជាជនកម្ពុជាបានកសាង និងពង្រឹងគណបក្សឱ្យរឹងមាំលើគ្រប់ផ្នែកដើម្បីធានាសមត្ថភាពដឹកនាំរបស់គណបក្សនៅគ្រប់កាលៈទេសៈ៕