(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះសារបង្ហាញក្តីអាឡោះអាល័យ និងសោកសៅ ខណៈថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ ដល់ពេលកំណត់ត្រូវបញ្ចុះសពបងប្រុសទី២ របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង។

អ្វីដែលសោកសៅទៀតនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងពិធីបញ្ចុះសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង នោះ បងប្អូនរបស់សម្តេចទាំង៦នាក់ អវត្តមានបងប្រុសទី១ គឺឯកឧត្តម ហ៊ុន សាន ដែលទើបតែចេញពីបន្ទប់វះកាត់ នៅទីក្រុងបាកក ហើយក៏មិនទាន់ដឹងពីដំណឹងថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទទួលមរណភាពនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ព្រឹកថ្ងៃស្អែក៩ ឧសភា ២០២២ ដល់ពេលកំណត់ ដែលបងប្រុសទីពីរ និងត្រូវបានបញ្ចុះទៅក្នុងព្រះធរណី ដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។ បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នា សូម្បីមួយម៉ាត់ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយរបស់គាត់ ស្រែកហៅគាត់យកដៃទាញអង្រួនជើងរបស់គាត់ តែមិនមានលទ្ធផលក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។

នៅមានរឿងសោកសៅជាងនេះ សម្រាប់បងប្អូនប្រុសស្រីទាំង៦នាក់របស់យើងនោះ គឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។ បងប្រុសទីមួយមិនត្រឹមតែមិនបានចូលរួមក្នុងពិធីបញ្ចុះសពបងទីពីរប៉ុណ្ណោះទេ តែមកដល់ពេលនេះគាត់មិនទាន់ដឹងថា ប្អូនប្រុសរបស់គាត់បាត់បង់ជិវិតទៀតផង។ ខ្ញុំបានហាមកូនៗ របស់គាត់មិនឲ្យនិយាយប្រាប់គាត់ ពីមរណភាពប្អូនរបស់គាត់ ដោយបងទីមួយទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកក ប្រទេសថៃសុខភាពគាត់នៅខ្សោយ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់បាត់បងជីវិត ដោយគ្មានអ្នកណាផ្តល់ដំណឹងឲ្យគាត់? នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ»៕