(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខជូនលោក ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា ដែលភរិយារបស់លោក ទើបទទួលមរណភាព កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសបារាំង ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយាមានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ ឈា ឡាង ត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសបារាំង ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមរំលែកមរណទុក្ខ ដោយក្តីសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ភរិយា ម្តាយ ម្តាយក្មេក ជីដូនប្រកបដោយព្រហ្មវិហារធម៌។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ឈា ឡាង សូមឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕