(ព្រះសីហនុ)៖ ព្រះវិហារ វត្តគីរីជលសារកោះរ៉ុង ត្រូវបានចាប់ផ្ដើមដំណើរការសាងសង់ ទៅតាមសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ «ស្ដីពីការបង្កើតគណៈកម្មការសាងសង់ព្រះវិហារ វត្តគីរីជលសារកោះរ៉ុង» ហើយ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ដោយលោកស្រី ញ៉ែម សាខន សខេង ប្រធានគណៈកម្មការសាងសង់ អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាដើម្បីសាងសង់។

ក្នុងឱកាសនោះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមនៅក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរ រួមមាន សម្ដេចព្រះឧត្តម វង្សា មួងរ៉ា សម្ដេចព្រះសង្ឃនាយករងទី៣ និងជាអគ្គលេខាថេរសភា ពុទ្ធសាសនានៅកម្ពុជា, លោក ជាម ហុីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, លោក ម៉ាង ស៊ីណេត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ, លោក សុខ កល្យាន ប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ, លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខត្តព្រះសីហនុ, លោក ទេព សាវ៉ែន មេបញ្ជាការកងការពារកោះរ៉ុងលេខ១, លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង, លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ, លោក អ៊ុក ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ, លោក ពិន ធារ៉ា មេបញ្ជាការក្រុងកោះរ៉ុង, លោក ភូ គីមសែ អធិការរងស្តីទីក្រុងកោះរ៉ុង, ព្រះចៅអធិការវត្តគីរីជលសកោះរ៉ុង ព្រះនាមទេពសោភ័ណ ភារ រ៉ាវី ព្រមទាំងមន្រ្តីអ្នកមុខអ្នកការ និងពុទ្ធបរិស័ទជាច្រើនរូបទៀត។

សូមរំលឹកថា «វត្តគិរីជលសារកោះរ៉ុង» ត្រូវបានកសាងឡើងកាលពីអំឡុងឆ្នាំ១៩៩៣ លើផ្ទៃដីប្រមាណជិត៥ហិចតា ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គឺនៅលើកោះរ៉ុង ដែលជាកោះតំបន់ទេសចរណ៍ដ៏ប្រណិតមួយ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនរបស់ខេត្តព្រះសីហនុ។ គិតរហូតមកទល់ឆ្នាំ២០២២នេះ វត្តគីរីជលសា (កោះរ៉ុង) មានអាយុកាល២៩ឆ្នាំ និងមានព្រះចៅអធិការគ្រប់គ្រង៧អង្គ។

ប៉ុន្តែអ្វីជាការចាប់អារម្មណ៍នោះវត្តនេះ មានតែសាលាឆាន់ កុដិឈើ១ខ្នងសម្រាប់ព្រះសង្ឃគង់នៅប៉ុណ្ណោះ ពុំទាន់មានព្រះវិហារ សាលាធម្មសភា ហោត្រ័យ របង ខ្លោងទ្វារ រោងតម្កល់សព រួមទាំងសមិទ្ធផលផ្សេងៗទៀត ឲ្យមានសោភ័ណភាពដូចជាទីអារាមដ៏ទៃៗ ទៀតនៅឡើយ។ ម្យ៉ាងទៀតវត្តនេះ គឺទីអារ៉ាមសម្រាប់ជាកន្លែងប្រជាពលរដ្ឋជាង៩០០គ្រួសាររស់នៅលើកោះរ៉ុងនេះធ្វើបុណ្យទានផងដែរ។

បើតាមគម្រោងក្រៅពីព្រះវិហារ ដែលកំពុងចាប់ផ្ដើមដំណើរការសាងសង់នាពេលនេះ ក៏មានការកសាងសមិទ្ធផលជាច្រើនទៀត តាមរចនាបទបុរាណដ៏មានភាពទាក់ទាញ ដូចជារបង ខ្លោងទ្វារ សាលាឆាន់, ស្ពាន, គូទឹក, កុដិ, ខ្យូស (កញ្ចុះ), សាលាធម្មសភា, សាលហោត្រ័យ, ចេតិយ៍រួម, រោងជួង, រោងតម្កល់សព, ចេតិយ៍, ព្រះពុទ្ធបដិមា, បដិមាសម្ដេចព្រះសង្ឃរាជជួនណាត និងរូបគំនូរជាដើម។

ដោយមើលឃើញពីសក្ដានុពលទេសចរណ៍ និងជាពិសេសលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសានារបស់រដ្ឋនោះ ទើបនៅថ្ងៃទី២៨ ខែមសា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច «ស្ដីពីការបង្កើតគណៈកម្មការសាងសង់ព្រះវិហារ វត្តគីរីជលសាកោះរ៉ុង» នេះឡើង។ ក្រោយពីការបង្កើតគណៈកម្មការសាងសង់ និងសិក្សាពីគម្រោងប្លង់យ៉ាងច្បាស់លាស់រួចរាល់ រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ គណៈកម្មការខាងលើក៏បានចាប់ផ្ដើមដំណើរការបញ្ចុះបឋមសិលា ប្រព្រឹត្តទៅតាមការគ្រោងទុកនេះតែម្ដង។

លោក ជាម ហុីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ការសាងសង់ «វត្តគីរីជលសារកោះរ៉ុង»នេះ គឺត្រូវតែសម្រេចឲ្យបាន១០០ភាគរយទៅតាមការគ្រោងទុក និងលុបចោល ឬទុកចោលទេ។ រីឯគោលបំណង នៃការសាងសង់នេះ គឺដើម្បីលើកតម្កើងនិងទ្រទ្រង់ព្រះពុទ្ធសាសនា និងជាការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ សម្រាប់ក្រុងកោះរ៉ុងរបស់ខេត្តព្រះសីហនុផងដែរ។ ជាងនេះទៀត ការកសាងនេះក៏ទុកជាប្រវត្តិសាស្រ្តនៅតំបន់នោះ ព្រមទាំងបង្កើនការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឲ្យចូលទស្សនាផងដែរ៕