(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា មានសមិទ្ធផលជាច្រើនបានសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ នៅស្រុកកោះធំ ដែលរួមមានផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់កោះធំ ផ្លូវលេខ១១០ មន្ទីរពេទ្យតេជាសែន កោះធំ មណ្ឌលសុខភាព ផ្លូវបេតុងជាច្រើនខ្សែ និងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់ ប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើង ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងដូចនេះ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអារមេមួយខ្សែប្រវែង ៨៨៥ម៉ែត្រ និងស្ពាន បេឡេត៍មួយកន្លែង ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងប្រជាពលរដ្ឋសរុបប្រមាណ ៥៦០នាក់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិ មានសុខ សន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសភាពជោគជ័យ នៃការប្រយុទ្ធ ប្រឆាំង នឹ ងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នប្រទេសកម្ពុជា បានបើកដំណើរការ សេដ្ឋកិច្ចសង្គមទាំងស្រុងឡើងវិញ តាមរយៈការសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងបង្ការបានច្រើនជាងគេលំដាប់ទីពីរ នៅក្នុងពិភពលោក។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវពេលយប់ តាមបណ្ដាញផ្លូវបេតុងដែលបានសាងសង់រួច ដើម្បីសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបានសន្តិសុខសុវត្ថិភាពផងដែរ។

សូមជម្រាបជូនផងដែរថា ផ្លូវបេតុងអារមេ ប្រវែង៨៨៥ម៉ែត្រ និងស្ពានមួយកន្លែងនេះ នឹងចូលរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើងផងដែរ៕