(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា រាជធានីភ្នំពេញ តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំក្រុមការងារ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ចំនួន៣៨គ្រួសារ កាលពីយប់ថ្ងៃទី០៦ ខែឧសភា នៅភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ក្នុងឱកាសសំណេះសំណាល លោក រ៉ូហ្វី អូស្មាន បាននាំនូវការចូលរួមសោកស្ដាយពី លោកបណ្ឌិត អូស្មាន ហាស្សាន់ ដល់ប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយអគ្គីភ័យឆាបឆេះ ដោយក្ដីសោកស្ដាយជាទីបំផុត។

លោក រ៉ូហ្វី អូស្មាន ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យដែលអាចកេីតជាយថាហេតុណាមួយដែលយេីងមិនអាចដឹងមុនទេ។ បន្ថែមពីនោះ លោកក៏បានលើកទឹកចិត្តដល់ពួកគាត់ កុំឲ្យអស់សង្ឃឹមឲ្យសោះ និងត្រូវតស៊ូទៅមុខបន្តទៀត។ លោកសង្ឃឹមថា នឹងមានសប្បុរសជនមកជួយបងប្អូនបន្តបន្ទាប់ទៀត ដោយលោកបានលើកទឹកចិត្តថា យើងរួមសុខ រួមទុក្ខជាមួយគ្នា ថ្នាក់ដឹកនាំមិនទុកចោលនោះទេ។

គួរជម្រាបថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះចំនួន ៣៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ថវិកា១៥០,០០០រៀល ដែលជាជំនួយរបស់សប្បុរជនប្រទេសអារ៉ាប់ តាមរយ:សមាគមសម្របសម្រួលនិងអភិវឌ្ឍន៍។ ក្នុងនោះក៏មានអំណោយជាកញ្ចប់អាហាររបស់ កញ្ញា យ៉ាយ៉ា ជាពាណិជ្ជករ ជូនប្រជាពលរដ្ឋទាំង៣៨គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ៥គីឡូក្រាម, មី ១០កញ្ចប់, ទឹកស៉ីអ៉ីវ ១ដប, ទឹកត្រី ១ដប, អំបិល ១គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕