(ភ្នំពេញ)៖ អាស៊ានបានដាក់ចេញរួច ហើយនូវស្មារតីជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ានឱ្យបានខ្លាំងក្លាឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវី១៩រយៈពេលជាង២ឆ្នាំមកនេះ ក្នុងនោះកម្ពុជាបានបង្ហាញអំពីគោលបំណងចង់ឱ្យស្មារតីនេះពង្រីកឱ្យបានដល់ប្រទេសទីម័រឡេស្ដេ ខណៈភ្ញៀវទេសចរក្នុងប្រទេសនេះក៏និយមចេញដើរលេងក្រៅប្រទេសច្រើនដែរ។

ក្នុងជំនួបពិភាក្សាជាមួយភាគីទីម័រឡេស្ដេ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «សព្វថ្ងៃនេះទោះបី យើងកំពុងជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ាន តាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏ពិតមែន តែដោយសារទីម័លេស្តក៏ស្ថិតក្នុងតំបន់តែមួយ ហើយកន្លងមកនេះក្នុងនាមកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៉ីអាគ្នេយ៍ក៏បាននិងកំពុងជំរុញកិច្ចសហប្រតិការយ៉ាងសកម្មផងដែរនោះ»។

លោករដ្ឋមន្ត្រីក៏ចង់ឃើញមានលំហូរទេសចរទីម័រឡេស្តេក្នុងតំបន់អាស៊ានផងដែរ។

ជំនួបពិភាក្សានេះធ្វើឡើងនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ខណៈភាគីកម្ពុជាដឹកនាំដោយលោករដ្ឋមន្ត្រី ថោង ខុន រីឯខាងភាគីទីម័រឡេស្ដេគឺមានលោក អាហ្គីអូ ពែរ៉េអ៉ីរ៉ា (Agio Pereira) ទេសរដ្ឋមន្ត្រីទីម័រឡេស្ដេ និងលោក អេរម៉េណេឈីលដូ គូប៉ា ឡូបប៉េស (Ermeneglido Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ពីគោលបំណងចង់សម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រឡេស្ដេ ក្នុងនោះមានការជំរុញឱ្យមានជើងហោះហើរត្រង់ ការលើកលែងទិដ្ឋការ ខណៈពេលបច្ចុប្បន្នមិនទាន់មានការលើកលែងទិដ្ឋការនៅឡើយទេ។

ក្រៅពីនេះ គឺចង់ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយរួមគ្នា ក្នុងនោះប្រសិនបើកម្ពុជាទៅផ្សព្វផ្សាយនៅប្រទេសទីម័រ ទីម័រក៏ជួយត្រូវផ្ដល់កិច្ចសហការជាមួយកម្ពុជា ហើយប្រសិនបើទីម័រមកផ្សព្វផ្សាយនៅកម្ពុជា កម្ពុជាក៏ត្រូវផ្ដល់កិច្ចសហការទៅវិញផងដែរ។

ភាគីទាំងពីរក៏បានលើកឡើងអំពីកិច្ចសហការជួយគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការអភិវឌ្ឍផលិតផលទេសចរណ៍ផងដែរ។

សូមជម្រាបថា ភាគីទាំងពីរក៏កំពុងជំរុញបញ្ចប់សេចក្តីអនុស្សរណៈជាមួយគ្នាលើវិស័យទេសចរណ៍ ហើយនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕