(ស្ទឹងត្រែង)៖ ខណៈពេលនេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានមកដល់ទឹកដីនៃខេត្តស្ទឹងត្រែង ក្រោមការចង្អុលបង្ហាញពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ជាក់ស្តែងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ដោយបានការចូលរួមពីលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនមានពិការភាព សរុបចំនួន១៧៥ គ្រួសារ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា។

ពិធីសំណេះសំណាល និងចែកអំណោយនេះ បានធ្វើឡើងនៅ លើទីតាំងចំនួន ៣កន្លែង គឺ ៖ ទីតាំងទី១-នៅភូមិវាល់ព្រីង សម្រាប់ប្រជាពលរដ្ឋ ៥០គ្រួសារ , ទីតាំងទី២. នៅភូមិឫទ្ធីសែនជ័យ២ សម្រាប់ប្រជាពលរដ្ឋ ចំនួន៦២គ្រួសារ, ទីតាំងទី៣. នៅភូមិឫទ្ធិសែនជ័យ១ សម្រាប់ប្រជាពលរដ្ឋ ចំនួន៦៣ គ្រួសារ នៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត បានពាំនាំព្រះរាជបណ្តាំផ្ញើ សួរសុខទុក្ខ របស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅជាប្រចាំថ្ងៃ ជាពិសេសផ្ញេីនូវក្តីនឹករលឹកចំពោះលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ភូមិភាគឦសាននេះ។

លោកវេជ្ជបណ្ឌិតបានថ្លែងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ ឲ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែងមើល ឲ្យឃើញពីប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាក ឲ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ»។

លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទានព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឲ្យកាកបាទក្រហមកម្ពុជា អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ។

ទន្ទឹមនឹងនោះ លោកវេជ្ជ. ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង ឬក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម។

ជាមួយគ្នានេះ សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឲ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិតរបស់យើងបាន ហើយបានធ្វើឲ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអាចបើកឱកាសឲ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះ លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាចិត្តចូលរួមការពារសុខសន្តិភាពឱ្យបានជាដាច់ខាត ព្រោះថាលោកយាយលោកតាធ្លាប់បានឆ្លងកាត់សង្គ្រាម ក្តីវិនាសព្រាត់ប្រាស់ ដែលមិនចង់ឲ្យហេតុការណ៍នេះ កើតឡើងជាថ្មីម្តងទៀតឡើយ។

សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុីអីវ ១យួរ, ជែលលាងដៃ ២ដប និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត។ ដោយឡែកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងជនមានពិការភាព មានជីវភាពខ្វះខាតទទួលបានថវិកាបន្ថែមមួយចំនួនទៀតផងដែរ៕