(ភ្នំពេញ)៖ តាមរយៈព្រះរាជសារលិខិត ផ្ញើជូនជនរួមជាតិ បងប្អូន កូនក្មួយ ជាទីគោរពស្នេហា, ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានអំពាវនាវឲ្យជនរួមជាតិ ដែលជាអ្នកបោះឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា កុំឱ្យមានការព្រួយបារម្ភអ្វីទាំង។

ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រខ្មែរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូនកូនក្មួយ អ្នកបោះឆ្នោតទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជាទូទៅ ជាសកលដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។

ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ។

សូមបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ ប្រកបនូវព្រះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងមេត្តាទទួលនូវសេចក្តីគោរព ស្នេហាដ៏ជ្រាលជ្រៅជាទីបំផុតអំពីខ្ញុំ»។

សូមជម្រាបជូនថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព។

ប្រសិនបើប្រជាពលរដ្ឋមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួនអស់សុពលភាព ឬបាត់ ឬខូច ឬកែតម្រូវ សាមីខ្លួនអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពី អាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលខ្លួនត្រូវបោះឆ្នោត ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃបោះឆ្នោត។ ការស្នើសុំ ឯ.អ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥:៣០នាទីល្ងាច៕