(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពរបស់លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋានស្នើសុំឆ្លងការពិនិត្យ និងសម្រេចពី គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តទី៥ ឆ្នាំ២០២២។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេចរួមមាន៖

ទី១៖ សេចក្តីណែនាំស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណ នៅក្នុងផ្សារ របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ទី២៖ សេចក្តីសម្រេចស្តីពី បែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែមនៃគណបក្ស នយោបាយដែលត្រូវបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។

ទី៣៖ សេចក្តីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ពីថ្ងៃទី៤ ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២។

និងទី៤៖ សេចក្តីអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រនៃគណបក្សនយោបាយ ទាំងអស់ត្រូវតែគោរពវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលបានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គោរពតាមបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប និងអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធនឹងការអនុវត្តក្នុងអំឡុងពេលនៃការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានកែសម្រួលខ្លឹមសារមួយចំនួន ហើយបានសម្រេចឯកភាពជាគោលការណ៍លើខ្លឹមសារនៃឯកសារនៅចំណុចទី១ ទី៣ និងទី៤ ខាងលើ ដើម្បីត្រៀមផ្សព្វផ្សាយ និងអនុវត្តន៍ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ចំពោះសេចក្ដីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែម នៃគណបក្សនយោបាយដែលត្រូវបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប សម្រេចឱ្យ អគ្គលេខាធិការដ្ឋាន គ.ជ.ប រៀបចំកែសម្រួលខ្លឹមសារឡើងវិញដើម្បីដាក់ឆ្លងអង្គប្រជុំ គ.ជ.ប ម្តងទៀត។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំឱ្យអង្គភាពជំនាញ ពង្រឹងការងារ និងតាមដានការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់ និងតាមដានការអនុវត្តការងាររបស់គណ:កម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានឯកសារគ្រប់គ្រាន់ប្រើប្រាស់សម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕