(ភ្នំពេញ)៖ លោកបណ្ឌិត ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះសំេណះសំណាលសួរសុខទុក្ខផ្ដល់ថ្នាំផ្ដាសាយ (កូវីដ១៩) និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ស្ថិតនៅភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នាឱកាសនោះ លោកក៏បានរំឮកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើនដល់សព្វថ្ងៃ។

លោកបានបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ហើយការចូលជាសមាជិកបក្សប្រជាជន មិនមែនដើម្បីទទួលបានអំណាចនោះទេ តែដើម្បីធ្វើជាមែកធាងផ្តល់ជាម្លក់ដ៏ត្រជាក់សម្រាប់ការជ្រករបស់ប្រជាជន។

លោក ឡេង ប៊ុនតេង ក៏បានជំរុញឱ្យសមាជិកថ្មីម្នាក់ៗ ចូលរួមប្រឆាំង វាយបកលើពួកគណបក្សប្រឆាំងទៅលើឧបាយកលដ៏អាក្រក់ ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាជន និងកំពុងដឹងនាំប្រទេសទទួលបានភាពរីកចម្រើន និងនាំមកនូវសុខសន្តិភាពជូនប្រជាជនគ្រប់រូប។

លោកក៏បានអរគុណ ចំពោះការចូលរួមរបស់យុវជន និងដែលមានជំនឿ និងទំនុកចិត្ត ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងបានណែនាំឱ្យយុវជនគ្រប់ថ្នាក់ទាំងអស់ ត្រូវបំពាក់បំប៉នដល់យុវជនអំពីសាវតា បុព្វហេតុ លក្ខន្តិកៈ និងគោលនយោបាយរបស់គណបក្ស សំដៅសម្រេចឱ្យបានតាម គោលការបក្ស គឺសមាជិកបក្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស ហើយយុវជនបក្សម្នាក់ អូសទាញបានសន្លឹកឆ្នោតមួយសន្លឹកបន្ថែមទៀត៕