(ភ្នំពេញ)៖ តំណាងក្រសួងបរិស្ថានកម្ពុជា និងតំណាងប្រតិភូក្រសួងបរិស្ថាន និងមន្ត្រីរដ្ឋបាលខេត្តខេត្តអាឆេ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី, មន្ត្រីជំនាញក្រសួងបរិស្ថានកម្ពុជា បានចែករំលែកភាពជោគជ័យលើការអនុវត្តន៍គម្រោង កម្មវិធីរេដបូក (REDD+) នៅក្នុងតំបន់ការពារធនធានធម្មជាតិ ជូនដល់មន្ត្រីឥណ្ឌូនេស៊ី។

«ក្នុងពេលបច្ចុប្បន្ន កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អដទៃទៀត មានដូចជា៖ ម៉ាឡេស៊ី វៀតណាម ឥណ្ឌុនេស៊ី ប្រេស៊ីល អេក្វាទ័រ កូឡំប៊ី ឈីលី ម៉ិកស៊ីកូ កេនយ៉ា ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest Referral Level) កម្ពុជាអាចផលិតឥណទានកាបូនលើសពី ១០លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង»

ថ្លែងក្នុងជំនួបពិភាក្សាចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រងព្រៃឈើឱ្យបានល្អប្រសើរដើម្បីលក់ឥណទានកាបូន ជាមួយគណៈប្រតិភូឥណ្ឌូនេស៊ី នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ថា ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានឥណ្ឌូនេស៉ី បានចែករំលែកគ្នាផងដែរ ទៅលើការអនុវត្តកម្មវិធីរេដបូក (REDD+) ប្រទេសទាំងពីរ មកសំដៅធ្វើយ៉ាងណា ការការពារ និងអភិរក្សធនធានធម្មជាតិដោយថែរក្សាព្រៃឈើឈរ តាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

ជាមួយគ្នានេះដែរ លោក ជួប ប៉ារីស៍ បានបន្តថា កិច្ចប្រជុំលើនេះភាគីទាំងពីរចង់ធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកក្នុងនេះ ដោយសារប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសមួយកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានយ៉ាងល្អប្រសើរ និងកម្ពុជាក៏មានព្រៃឈើមួយដ៏ល្អផងដែរ។

ជាមួយគ្នានេះដែរ អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ «កម្ពុជាទទួលបានជោគជ័យទៅលើការអនុវត្តរេដបូក (REDD+) នេះដោយសារកត្តាចំនួន ៣សំខាន់ៗរួមមានទី១៖ កម្ពុជាមានសន្តិភាព ដែលជាកត្តាសំខាន់មួយលើកិច្ចការពារព្រៃឈើ, ទី២៖ ការតាំងចិត្ត និងប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះកិច្ចការពារធនធានធម្មជាតិ និងទី៣៖ ក្រសួងបរិស្ថាន ក្រោមការដឹកនាំពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១៣ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចគាំពារធនធានធម្មជាតិ រហូតធ្វើឱ្យកម្ពុជា អាចលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តជោគជ័យ រហូតមកដល់បច្ចុប្បន្ន»

លោក ជួប ប៉ារីស៍ បានលើកឡើងដោយបញ្ជាក់បន្ថែមថា ការអនុវត្តន៍កម្មវិធីរេដបូក មានគោលបំណងការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់ និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ «កាលណាយើងលក់កាបូនបាន គឺជាសូចនាករមួយប្រាប់ថា ព្រៃឈើយើងការពារបានល្អហើយ។ បើសិនជាព្រៃឈើយើងមិនការពារបានល្អទេ យើងមិនអាចលក់កាបូនបានទេ ចំណូលដែលបានមកពីការលក់កាបូននេះ ត្រូវបានយកមួយចំណែកទៅការពារព្រៃឈើឡើងវិញ និងមួយចំណែកទៀតយកទៅជួយដល់សហគមន៍ឱ្យគាត់មានមុខរបរ មានជីវភាពប្រសើរ ដែលមិនចូលទៅកាប់ព្រៃឈើ»

ទាក់ទិនក្នុងរឿងនេះដែរ លោក Stephan Bognar នាយកអង្គការជីវិតសត្វព្រៃ (Wildlife) ប្រចាំនៅកម្ពុជា បានឱ្យដឹងថា កិច្ចពិភាក្សារវាងភាគីកម្ពុជា-ឥណ្ឌូនេស៊ី ស្តីពីរេដបូក ដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ហើយតាមរយៈកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះនឹងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់ប្រទេសឥណ្ឌូនេស៊ី សិក្សាស្វែងយល់ដើម្បីអនុវត្តប្រទេសខ្លួនបន្ថែមទៀត។

លោកនាយកអង្គការជីវិតសត្វព្រៃ (Wildlife) បានបន្តថា ជាមួយគ្នាដោយសារកម្ពុជា បានទទួលជោគជ័យលើការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះក៏ជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ចែករំលែកដល់បណ្តាប្រទេសដទៃទៀត បានសិក្សាស្វែងយល់ពីចំណុចល្អទាំងនេះពីកម្ពុជាផងដែរ។

បន្ថែមពីនេះ លោក Stephan Bognar ទទួលស្គាល់ថា កម្ពុជាជាប្រទេសមួយនាំមកគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លើការការពារ និងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើ។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀត ជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។