(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងយាងជាព្រះរាជាធិបតីភាព បើកសម័យប្រជុំលើកទី៣៥ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

សេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបណ្តាញ Fresh News ទទួលបានបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៥ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន០៨ ដូចខាងក្រោម៖

* របៀបវារៈទី១៖ ពិនិត្យ និងសម្រេច លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
* របៀបវារៈទី២៖ ពិនិត្យ និងសម្រេច អំពីការផ្ទេរ និងតែងតាំង ចៅក្រម មួយចំនួន។
* របៀបវារៈទី៣៖ ពិគ្រោះយោបល់ លើសំណើផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មួយចំនួនតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
* របៀបវារៈទី៤៖ ពិនិត្យ និងសម្រេច បោះឆ្នោតជ្រើសតាំងសមាជិក ០១រូប នៃក្រុមប្រឹក្សាធម្មនុញ្ញ។
* របៀបវារៈទី៥៖ ពិនិត្យ និងផ្តល់យោបល់ អំពីការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាពតាមកម្រិតសញ្ញាបត្រ និងនិយ័តកម្មឋានន្តរស័ក្តិ ចំពោះចៅក្រម និងព្រះរាជអាជ្ញា។
* របៀបវារៈទី៦៖ ពិនិត្យ និងសម្រេច អំពីការបន្តការងាររបស់អគ្គព្រះរាជអាជ្ញារង ០១រូប នៃមហាអយ្យការអមតុលាការកំពូល ដែលមានអាយុចាប់ពី ៦៥ឆ្នាំ។
* របៀបវារៈទី៧៖ ពិនិត្យ និងសម្រេចលើសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សា របស់ចៅក្រម ០១រូបនៃសាលាដំបូងខេត្តស្ទឹងត្រែង។
* របៀបវារៈទី៨៖ បញ្ហាផ្សេងៗ៕