(ត្បូងឃ្មុំ)៖ លោក ជា ចំណាន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ បាននាំយកអំណោយគ្រឿងឧបភោគបរិភោគរបស់លោករដ្ឋមន្ត្រី វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក មកចែកជូនសមាជិកបក្សមូលដ្ឋានក្នុងឃុំក្រែក និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្តទៀត។

នាឱកាសនោះដែរ លោក ជា ចំណាន បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក វង សូត ជូនដល់សមាជិក សមាជិកាបក្សមូលដ្ឋានឃុំក្រែកទាំងអស់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តគាំទ្រ និងផ្ដល់ការជឿជាក់មកលើដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀត ក្នុងការដឹកនាំរាជរដ្ឋាភិបាលដោយត្រូវទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៥ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

លោកបានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយក៏ជាហេតុដែលធ្វើឱ្យប្រជាពលរដ្ឋ កាន់តែផ្តល់ការជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារ និងគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋាន និងជំរុញជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ នៅតែជាអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា។

លោក ជា ចំណាន បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានក្រុមបក្សនៅតាមភូមិទាំង៣៣ ក្នុងឃុំក្រែកផ្ទាល់ ត្រូវយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិក នៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំឱ្យសមាជិក សមាជិកាបក្សតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម។

បើតាមរបាយការណ៍របស់លោក វង វ៉ាន់ស៊ាន ប្រធានគណៈកម្មាធិការបក្សដ្ឋានមូលឃុំក្រែក បានឱ្យដឹងថា ឃុំក្រែក មានភូមិចំនួន៣៣ ក្នុងនោះមានគណកម្មាធិការបក្សមូលដ្ឋានឃុំមាន២៩រូប គណៈសាខាបក្សភូមិមាន ៣៣សាខាមានសមាជិកចំនួន ៩៩រូប ប្រជាពលរដ្ឋជាសមាជិកបក្សមានចំនួន ១៤,០៣៧នាក់ ក្រុមបក្សមានចំនួន ១,១៦៣ក្រុម គ្រួសារបក្សមានចំនួន ៦,៦៧៨គ្រួសារ ខ្នងផ្ទះមានចំនួន ៦,០៣៣ខ្នងផ្ទះ និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបក្នុងឃុំមានចំនួន ២០,២៦៩នាក់ផងដែរ។

សូមបញ្ជាក់ថា អំណោយរបស់លោក វង សូត ដែលលោក ជា ចំណាន នាំយកមកចែកជូនប្រជាពលរដ្ឋមានចំនួន ៣៣ភូមិ ក្នុងឃុំក្រែក ក្នុងនោះរួមមាន៖ ឃីតថ្នាំពេទ្យ ប្រេងកូឡា អាកុល ម៉ាស់ ១៤,១០០ឃីត ក្រម៉ាចំនួន ១៤,១០០ កាហ្វេ ៥,២០០កញ្ចប់ តែ១៨០កញ្ចប់ ស្រាបៀ ១៥០កេស ទឹកក្រូច ២០០កេស ទឹកបរិសុទ្ធ ៥២០កេស អាវ មួកគណបក្ស ៦,៨០០ឈុត នំ ABC ៤៦ធុង ស្កសរ ១២០គីឡូក្រាម អាយកូម ២៣០ និងថវិកាមួយចំនួនទៀតផងដែរ៕