(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានថ្លែងពន្យល់អំពីសំណួរ ដែលតែងតែលើកឡើងថា «ហេតុអ្វីបានជាទាល់តែមានកំហុស ក្នុងការផលិតចម្រៀង ឬវីដេអូ ទើបក្រសួងហៅផលិតករមកអប់រំ»?

ក្នុងពិធីបើកសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈវីដេអូខ្លី» លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងថា បើសិនជាក្រសួងគ្រប់គ្រង ដល់ការផលិតទៀតនោះ វាប្រៀបបីដូចជាបិទសិទ្ធិផលិតករអញ្ចឹង។ មិនត្រឹមតែជាការប៉ះពាល់ដល់សិទ្ធិទេ តែការធ្វើបែបនេះ ក៏ជាសកម្មភាពមួយ ដែលបង្អាក់ដល់ការតែងនិពន្ធផ្នែកសិល្បៈផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនអាចកំណត់បានទេ! បើសិនមានជាការកំណត់នោះ វាចង្អៀតណាស់។ កន្លែងនេះក៏ក្រសួងបានគិតដែរ អញ្ចឹងហើយបានជាចម្រៀង ភាគច្រើនយើងមិនកុងត្រូល (ត្រួតត្រា) ដែលនេះធ្វើឱ្យសាធារណៈមតិមកវិញ ជេរក្រសួង។ នៅពេលចម្រៀងចេញទៅ មានលក្ខណៈអាសអាភាស ជេរមកក្រសួង។ តាមពិតយើងមិនអាចធ្វើអញ្ចឹងបានទេ។ បើសិនជាស្អីក៏កុងត្រូល សេរីភាពបញ្ចេញមតិត្រូវបិទតែម្តង សិទ្ធិរបស់គាត់គឺប៉ះ។ អញ្ចឹងឱ្យគាត់ធ្វើចុះ តែបើប៉ះពាល់បានយើងទប់។ (មានសំណួរទៀត) ម៉េចក៏មិនបិទមុនចេញ? បើធ្វើអញ្ចឹងគ្រប់ចម្រៀងទាំងអស់ ត្រូវឆ្លងមកក្រសួង។ លំបាកណាស់។ ចម្រៀងមិនសូវអីទេ ព្រោះពេលចេញទៅបើបិទវិញ មិនសូវខាតទេ តែបើសិនជាកុន (ភាពយន្ត) ចេញទៅហើយបិទវិញនោះ ខាតងាប់ហើយ។ អញ្ចឹងយ៉ាងហោចណាស់ យើងមើលសេណារីយោរបស់គាត់ ពេលខុសអីយើងណែនាំ»

បើតាមលោកស្រី ភឿង សកុណា ក្រសួងទុកសិទ្ធិឱ្យផលិតករ ជាអ្នកសម្រេចខ្លួនឯងក្នុងការផលិតតាមការស្រមើស្រម៉ៃរបស់ខ្លួន។ ស្នាដៃដែលចេញមក គឺជាអ្នកសម្រេចថា បើផលិតមានលក្ខណៈល្អ គឺផលិតករត្រូវបានគេឱ្យតម្លៃ តែបើផលិតមិនបានល្អ មហាជនក៏ចាត់ទុកថា ផលិតករគ្មានតម្លៃ គ្មានគុណធម៌ និងសីលធម៌។

លោកស្រីថែមទាំងលើកឧទាហរណ៍ ពីរឿងទុំទាវសម័យថ្មី ដែលសម្តែងមានកំហុសឆ្គងខ្លាំង ហើយលោកស្រីចាត់ទុកថា វីដេអូនោះធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ ជាពិសេសក្មេងជំនាន់ក្រោយ ព្រោះវាស្ថិតក្នុងយូធូប (Youtube) រាប់ឆ្នាំទៅមុខទៀត។

ក្នុងសិក្ខាសាលាស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈវីដេអូខ្លី» លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ បានណែនាំអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដូចខាងក្រោម៖

* ត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី
* ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គលដែលបង្កហេតុ
* ក្នុងករណីមិនរៀងចាល អង្គភាពឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត ចាត់វិធានការបន្ត។

លោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ បានគាំទ្រចំពោះសិក្ខាសាលានេះ ហើយក្នុងនាមជាផលិតករម្នាក់ លោកក៏បានប្តេជ្ញាចិត្តរួមចំណែកផលិតវីដេអូ ដែលផ្តល់ការអប់រំ ដើម្បីរួមចំណែកឱ្យមានគំនិតយល់ឃើញបន្ថែម ខ្មែរយើងមានវប្បធម៌ល្អណាស់។

ចំណែកឯលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ដោយមើលឃើញពីការផលិតវីដេអូខ្លី លើបណ្តាញសង្គមនាពេលបច្ចុប្បន្ន ដែលមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដានដោយសារការផលិតទាំងអស់នោះ មិនទាន់មានខ្លឹមសារ និងរូបភាព សមរម្យគ្រប់គ្រាន់បម្រើឱ្យសង្គម ទើបក្រុមការងារយែនឌ័រក្រសួង សម្រេចរៀបចំបើកសិក្ខាសាលានេះឡើង ក្នុងគោលបំណងទប់ស្កាត់ បង្ការ និងរកវិធានការដោះស្រាយរួម រកឱ្យឃើញពីបញ្ហាប្រឈមាននានា ពាក់ព័ន្ធនឹងវប្បធម៌អវិជ្ជមាន ការប្រើប្រាស់អំពើហិង្សាលើស្ត្រី និងកុមារ តាមរយៈការសម្តែងផ្សេងៗ៕