(កំពត)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារពិសេសរបស់គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន បានជំរុញ និងណែនាំដល់សមាជិកសមាជិកាបក្ស ត្រូវប្ដេជ្ញាចិត្តដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យទទួលបានលទ្ធផលជោគជ័យ។

ការណែនាំ និងជំរុញបែបនេះ ខណៈលោក មាស ប៊ុនឡី និងលោកស្រី ហ៉ឹម ច្រឹប សមាជិកក្រុមការងារគណបក្ស បានដឹកនាំក្រុមការងារសមាជិក សមាជិកាគណបក្ស ចុះជួបសំណេះសំណាល និងនាំយកថវិកា អាវ និងមួក គណបក្សផ្ដល់ជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្រុងបូកគោ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅឯទីស្នាក់ការគណបក្សក្រុងបូកគោ ស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោខេត្តកំពត។

ក្នុងឱកាសនោះលោក មាស ប៊ុនឡី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាល រួមទាំងថ្នាក់ដឹកនាំឥស្សរជនសំខាន់ៗ នៃគណបក្សជាច្រើនទៀត បានខិតខំដឹកនាំប្រទេស សម្រេចការផ្លាស់ប្តូរសង្គមកម្ពុជាយ៉ាងធំធេង ដែលពុំអាចនឹកស្មានដល់ រហូតដល់មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។

លោក មាស ប៊ុនឡី បានបន្តទៀតថា ជាក់ស្ដែងបច្ចុប្បន្ន តាមរយៈសមិទ្ធផលដ៏វិសេសវិសាលដែលបន្សល់ទុកក្នុងបច្ចុប្បន្ន បានបង្ហាញច្បាស់ថារយៈពេល៤២ឆ្នាំកន្លងទៅនេះ ចាប់ផ្ដើមចេញពីបាតដៃទទេនៃការតស៊ូ ផ្ដួលរំលំរបបប៉ុលពត នាថ្ងៃជ័យជំនះ ៧ មករា ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលពុំអាចនឹកស្មានដល់ រហូតដល់មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានការទាក់ទាញវិនិយោគទុន មករកស៊ី និងបង្កើតការងារ ជូនប្រជាពលរដ្ឋឲ្យមានជីវភាពធូរធាររស់នៅប្រកបដោយសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាព ដែលសម្ដេចតេជោ បានខិតខំរកមកដោយលំបាក និងលះបង់គ្រប់បែបយ៉ាង តាមរយៈនយោបាយឈ្នះឈ្នះ។

លោក មាស ប៊ុនឡី លើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា មានភាពចំណាស់ចាក់ទុំ បានបង្កើតឡើងមានរយៈពេលជាង៧០ឆ្នាំមកហើយ គឺក្នុងគោលដៅ ដើម្បីបម្រើប្រយោជន៍ប្រជាជន និងកសាងប្រទេសជាតិ យ៉ាងពិតប្រាកដ ក្រោមស្នាដៃដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រែក្លាយប្រទេស ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដែលធ្វើឲ្យប្រជាជនគ្រប់រូប បានរស់នៅប្រកបដោយក្តីសង្ឃឹម យ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

លោកថា ពិសេសក្នុងបរិបទ នៃពិភពលោកជួបនូវវិបត្តិជំងឺឆ្លងរាលដាលជំងែកូវិដ១៩ សម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងស្ថានការណ៍ និងរកវ៉ាក់សាំង ដើម្បីចាក់ការពារសុខភាពប្រជាពលរដ្ឋកម្ពុជា បានល្អប្រសើរ បើប្រៀបធៀបបណ្ដាប្រទេសជិតខាងនឹងលើពិភពលោក។

លោក មាស ប៊ុនឡី ក៏បានលើកបញ្ជាក់ទៀតថា នៅឆ្នាំ២០២២ និង២០២៣នេះ ដែលជារដូវកាលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើសតាំងតំណាងរាស្រ្ត ដែលជាឆ្នាំកំដៅនយោបាយអាច នឹងកើនឡើងតាមរូបភាពផ្សេងៗ ពីក្រុមពួកគណបក្សប្រឆាំង ឬក្រុមអមិត្ត ក្នុងចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះដើម្បីថែរក្សានូវសុខសន្តិភាព និងសមិទ្ធផលនានា និងបន្តដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានកាន់តែល្អប្រសើររុងរឿងទៅមុខទៀត មន្ត្រីថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជា ទាំងអស់ ត្រូវរួមសហការសាមគ្គីគ្នា ត្រូវហ៊ាននិយាយ វាយបកត្រូវចេះឆ្លើយបំភ្លឺ បកស្រាយទៅពួកប្រឆាំងទាំងនោះ ឲ្យបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែត្រូវរក្សាឲ្យបាននូវក្រមសីលធម៌ គុណធម៌ ក្នុងនាមជាសមាជិកបក្សកាន់អំណាចដែលមានភាពចាស់ទុំក្នុងរឿងនយោបាយ។

ទន្ទឹមនោះត្រូវបង្កើនការចូលរួមធ្វើសកម្មភាពល្អៗ ប្រយោជន៍ដល់សង្គមនិងបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឲ្យបានផុសផុល នៅក្នុងមូលដ្ឋាន របស់ខ្លួនបន្ថែមទៀត ដើម្បីទទួលបានការស្រឡាញ់ពេញចិត្ត និងការគោរពគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ សំដៅធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ថ្ងៃទី៥ ខែខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះឲ្យទទួលបានលទ្ធផលជោគជ័យជូនបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះលោក មាស ប៊ុនឡីបានផ្ដល់ជូនថវិកា និងអាវ មួកគណបក្ស ជូនគណបក្សក្រុងបូកគោសម្រាប់ត្រៀមបម្រើសការ សកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ខាងមុខនេះ តាមតម្រូវការគ្រប់គ្រាន់ចាំបាច់ រួមមានថវិកាចំនួន២ពាន់ដុល្លា និងអាវ មួកចំនួន ៣ពាន់កំប្លេ។ ក្នុងឱកាសនោះដែរលោកស្រី ហ៉ឹម ច្រឹប មាជិកក្រុមការងារគណបក្ស ក៏បានឧបត្ថម្ភថវិកាចំនួន១ពាន់ដុល្លារ ជូនដល់អនុសាខាកាកបាទក្រហមក្រុងបូកគោសម្រាប់បម្រើសកម្មភាពសប្បុរសធម៌ផងដែរ៕