(ស្វាយរៀង)៖ រឿងរ៉ាវទំនាស់ដីធ្លីគ្រួសារមួយ បានឈានដល់ការប្រើអំពើហិង្សា ដោយប្អូនកាប់ទៅលើបងស្រីបង្កើត និងបងថ្លៃជាជនជាតិបារាំង បណ្ដាលឲ្យរងរបួសកាលពីវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុង មរ័ អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។ ចំណែកជនរងគ្រោះមានឈ្មោះ Dionnet Pascal អាយុ៥៩ឆ្នាំ ជនជាតិបារាំង រងរបួស ចំក្បាលផ្នែកខាងក្រោយ និងប្រពន្ធឈ្មោះ អ៊ុង ទូច អាយុ៥៥ឆ្នាំ ដោយអ្នកទាំង២នាក់រស់នៅភូមិឃុំកើតហេតុខាងលើ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យជាមួយបងស្រីបង្កើត មានទំនាស់ពាក្យសំដីគ្នារឿងដីធ្លីយ៉ាងខ្លាំងរហូតឈានដល់ប្រើហិង្សា។

ពេលនោះជនសង្ស័យ បានទាញយកបានពូថៅកាប់បងថ្លៃ និងបងស្រីបង្កើតបង្កការភ្ញាក់ដល់ក្រុមគ្រួសារ និងអ្នកភូមិចេញមកឃាត់រួចរាយការណ៍មកសមត្ថកិច្ចចុះអន្តរាគមន៍ និងបានឃាត់ខ្លួនជនសង្ស័យមកសាកសួរផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមច្បាប់៕