(ភ្នំពេញ)៖ លោក កឹម សុខា នៅរសៀលថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញរូបភាពនៃជំនួបជាមួយលោ Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា, លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។

លោក កឹម សុខា បានឱ្យដឹងថា ក្នុងជំនួបនេះ បានពិភាក្សាផ្លាស់ប្តូរព័ត៌មាន និងទស្សនៈគ្នា ដោយធ្វើបច្ចុប្បន្នភាពនូវព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅសហភាពអឺរ៉ុប នៅសហរដ្ឋអាមេរិក និងនៅកម្ពុជាថ្មីៗនេះ។ ជាពិសេសអំពីទំនាក់ទំនងនានា ដូចជាកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាតំបន់។

ជាមួយការបង្ហាញនូវជំនួបទាំងនេះ លោក កឹម សុខា បានលើកឡើងថា កាដែលតំណាងរបស់អាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ចូលជួបលោកនេះ ដោយសារតែតំណាងប្រទេសទាំងនេះ ផ្តល់តម្លៃដល់រូបលោកដែលប្តេជ្ញាចិត្តមិនរត់ចោលមាតុភូមិកម្ពុជា និងមិនបោះបង់ចោលឆន្ទៈប្រជាពលរដ្ឋខ្មែរ ដោយមានការអត់ធ្មត់ ដើម្បីស្វែងរកដំណោះស្រាយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាធិបតេយ្យជាធំ មិនបង្ករគ្រោះថ្នាក់ដល់ប្រទេសជាតិ និងដោយប្រកាន់យកនូវគោលការណ៍អហិង្សា។

តាមរយៈសំណេរបស់លោក កឹម សុខានេះ ក្រុមអ្នកវិភាគ និងតាមដានបញ្ហានយោបាយនៅកម្ពុជា បានមើលឃើញថា លោក កឹម សុខា កំពុងបញ្ចេញសារឌឺដងដៀមដាម និងដាក់ផ្លែផ្កាឱ្យអ្នកនយោបាយកំពុងរត់ចោលស្រុក ជាពិសេសទណ្ឌិត សម រង្ស៉ី និងបក្ខពួកផងដែរ។

ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ត្រូវបានគេប្រសិទ្ធនាមឱ្យថា ជាអ្នកនយោបាយជើងមិនជាប់ដី ដែលតែងតែរត់ចោលស្រុកពេលមានបញ្ហានយោបាយ។ ការណ៍នេះ ត្រូវបានអ្នកនយោបាយ ដែលមាននិន្នាការគាំទ្រលោក កឹម សុខា តែងតែរិះគន់ និងវាយប្រហារទណ្ឌិត សម រង្ស៉ី និងបក្ខពួក ជាអ្នកនយោបាយដែលមិនស្មោះត្រង់ មិនស្មោះស្ម័គ្រជាមួយអ្នកគាំទ្ររបស់ខ្លួន ពោលមានបញ្ហាតែងរត់យករួចខ្លួន ហើយទុកឱ្យអ្នកគាំទ្រប្រឈមនឹងផ្លូវច្បាប់នានា។

ក្រុមអ្នកនយោបាយគាំទ្រលោក កឹម សុខា ក៏បានហៅរបៀបធ្វើនយោបាយរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកថា ជាអ្នកនយោបាយដែលខ្វះទំនួលខុសត្រូវ មិនរួមសុខរួមទុក្ខជាមួយអ្នកគាំទ្រ ដោយគិតតែពីសេចក្តីសុខផ្ទាល់ខ្លួន បង្កើតបញ្ហាឱ្យអ្នកគាំទ្រ ហើយក៏រត់ចោល។ ក្រុមអ្នកនយោបាយប្រឆាំងនឹងទណ្ឌិត សម រង្ស៉ី បានលើកឡើងដែរថា ការធ្វើនយោបាយបែបទណ្ឌិត សម រង្ស៉ី និងបក្ខពួកនេះ គឺជានយោបាយដែលចេះតែដុតភ្លើង តែមិនចេះពន្លត់ភ្លើង និងជាអ្នកនយោបាយដែលខ្វះការទទួលខុសត្រូវ៕