(ភ្នំពេញ)៖ លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤ គឺគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ជំនួសតំណែង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។

ការបោះឆ្នោត បានធ្វើឡើងក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាចំនួន ១០៦រូប។

លោក កែប ជុតិមា ដែលជាអនុប្រធានគណៈកម្មការទី៩ (គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់) នៃរដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជា ស្នើជាបេក្ខជនប្រធានគណៈកម្មការទី៤ ដើម្បីឱ្យរដ្ឋសភាបោះឆ្នោតគាំទ្រ។ លោក កែប ជុតិមា គឺជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតជ្រើសតាំង លោក កែប ជុតិមា, រដ្ឋសភាក៏បានសម្រេចផ្តល់សុពលភាពនៃអាណត្តិរបស់ លោក ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពផងដែរ។ បន្ថែមពីនេះ រដ្ឋសភាក៏បោះឆ្នោតជ្រើសតាំង លោក ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាថែមទៀត។

ចំណែក លោក ពេជ្រ គឹមស៊្រាង ត្រូវបានជាប់ឆ្នោត ជាអនុប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាផងដែរ៕