(ពោធិ៍សាត់)៖ ប្រភពព័ត៌មានពីកម្លាំងនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះថា ករណីចោរលួចគាស់ទូរដែក យកលុយនៅរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺបណ្តាលឱ្យបាត់លុយ ចំនួន៩៨១,០០០ដុល្លារសហរដ្ឋអាមេរិក នៅសល់លុយខ្មែរ ៩,៧៩១,៥០០រៀល។

ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបន្ទប់គណនេយ្យ ក្នុងរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ដែលស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពបានបន្តថា ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យ មានគ្នាចំនួន០៤នាក់ឡើងទៅ (មិនស្គាល់អត្តសញ្ញាណ)។ ក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ ស្រុក ខេត្ត និងនាយកដ្ឋាន បាននឹងកំពុងធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដើម្បីបន្តនីតិវិធីច្បាប់៕