(បន្ទាយមានជ័យ)៖ លោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងបែបនេះ ក្នុងវេទិការស្តីពីការលើកកម្ពស់ ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលាឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីប្រជាពលរដ្ឋចូលរួមចំនួន១៣០នាក់។

តំណាងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន ឃុំទ្រាស និងស្រុកស្វាយចេក លោកស្រី និត សុភ័ណ លោកខូ សុណា និងវរសេនីយ៍ គក់ សុភក្រ័្ត បានមានមតិស្វាគមន៍ និងរបាយការណ៍ការងារ ដែលកើតចេញពីកិច្ចខិតខំតស៊ូបង្ការ ដោះស្រាយបញ្ហាគ្រឿងញៀនអនុវត្តនូវវិធានការទាំង៥ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងមូលដ្ឋានឃុំទ្រាស ក៏ដូចជាស្រុកស្វាយចេកទាំងមូលពិសេសបានធ្វើការអប់រំជាប្រចាំដល់សិស្ស ប្រជាពលរដ្ឋចំណាកស្រុក។

ថ្លែងក្នុងនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ក្នុងសហគមន៍គឺធាតុសំខាន់ចាំបាច់ ក្នុងជួយបង្ការទប់ស្កាត់ការប្រើប្រាស់ និងព្យាបាលអ្នកញៀនគ្រឿងញៀនហើយស្រ្តីជាម្តាយ យាយ អុំស្រីម្តាយមីង ជាបងស្រី ជាសមាសភាពសំខាន់ចាំបាច់ណាស់ អាចជួយអប់រំកូនចៅដ៏មានប្រសិទ្ធភាព កុំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន ដែលនាំមកនូវភាពអន្តរាយដល់ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋានរបស់យើង។

ក្នុងឱកាសនោះ លោកស្រី ឡុង សុផល្លី បានបន្ថែមថា ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ គឺជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ហើយយុវជន យុវនារីមួយចំនួន បាននឹងកំពុងធ្លាក់ចូលទៅក្នុងអន្ទាក់ នៃបទល្មើសគ្រឿងញៀនដោយសារកត្តាផ្សេងៗ ក្នុងនោះកត្តាមិត្តភក្តិអូសទាញជាកត្តាចម្បង ។

លោកស្រី ឡុង សុផល្លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាទាំងអស់ ដែលបានខិតខំចិញ្ចឹមបីបាច់អប់រំថែរក្សាបុត្រធីតាបានយ៉ាងល្អ មិនពាក់ព័ន្ធនឹងគ្រឿងញៀន អំពើអបាយមុខផ្សេងៗ និងសូមបន្តចូលរួមអប់រំកូនចៅឲ្យក្លាយជាពលរដ្ឋល្អ ជាធនធនសម្រាប់ចូលរួមអភិវឌ្ឍសហគមន៍ ឲ្យបានរីកចម្រើនបានឆាប់រហ័ស។ ប្រសិនបើមានបុត្រធីតា ឬសមាជិកគ្រួសារណាម្នាក់ញៀនថ្នាំ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអន្តរាគមន៍ព្យាបាលបានទាន់ពេលវេលា នៅតាមមណ្ឌលសុខភាពដែលនៅជិតអ្នក ចំណេញពេលវេលា កិត្តិយស និងមិនគិតថ្លៃ៕