(កណ្តាល)៖ ផ្លូវបេតុងអាមេប្រវែង ២,៥៧២ ម៉ែត្រទទឹង ៦ ម៉ែត្រ នៅភូមិតេជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានបើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅល្ងាចថ្ងៃ១០ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ស្ថិតក្នុងឱកាសនេះដែរលោក គង់ សោភ័ណ្ឌ បានថ្លែងថា មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ។ ផ្លូវបេតុងអាមេប្រវែង ២,៥៧២ម៉ែត្រ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ខេត្តកណ្តាល វាបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ ក៏ដូចជាប្រជាកសិករនៅក្នុងតំបន់នេះ ងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័ស ងាយស្រួល និងចំណេញថវិកា។

លោកអភិបាលខេត្ត បន្ថែមថា ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលស្រុកល្វាឯម ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាលឱ្យបានជាប់ជាប្រចាំ និងបន្តផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ និងដូសទី៤ តាមកាលកំណត់។ ទន្ទឹមនឹងនោះ អាជ្ញាធរសង្កាត់ ត្រូវជំរុញបំផុសចលនាប្រជាជន ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានជាប់ជាប្រចាំ នៅគ្រប់មូលដ្ឋានដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា សកម្មភាពលួច, ឆក់, ប្លន់, បទល្មើសគ្រឿង ញៀនខុសច្បាប់, ល្បែងស៉ីសងខុសច្បាប់, ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើង ជាដើម ជាពិសេសយុវជន តូ្រវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕