(ភ្នំពេញ)៖ លោកមេធាវី ឡៅ លីហេង ជាមេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះ សៅ សាឡុង បានចេញលិខិតជូនដំណឹង ដល់លោក ផល សុខសាន្ត ដែលមានគណនីហ្វេសប៊ុក Phal Soksan ឲ្យចូលខ្លួនដើម្បីដោះស្រាយបំណុលជាប្រាក់ដើមសរុបចំនួន ២៣ ០០០ (ពីរម៉ឺនបីពាន់ដុល្លាអាមេរិក) ដោយមិនគិតការប្រាក់ដល់សព្វថ្ងៃ។

លិខិតរបស់លោក មេធាវី ឡៅ លីហេង បានលើកឡើងថា «សូមជម្រាបលោក ផល សុខសាន្ត ឲ្យបានជ្រាបថា កន្លងមកកូនក្តីខ្ញុំមានការអនុគ្រោះយ៉ាងខ្លាំង ដល់គាត់ដោយព្យាយាមទំនាក់ទំនងទៅលោក ដើម្បីពិភាក្សារកដំណោះស្រាយ ក៏ប៉ុន្តែរូបលោកនៅតែបន្តគេចវេស ពុំព្រមចូលខ្លួនមកដោះស្រាយបំណុល ឬផ្តល់ភាពច្បាស់លាស់ណាមួយឡើយ ជាមួយម្ចាស់បំណុល ឬអ្នកតំណាងម្ចាស់បំណុលនោះទេ។ កូនក្តីខ្ញុំមិនអាចបន្តអនុគ្រោះដល់រូបលោកបន្តទៀតនោះទេ ហេតុដូចនេះសូមលោកចូលខ្លួនមកដោះស្រាយជាមួយម្ចាស់បំណុល ឬអ្នកតំណាងម្ចាស់បំណុលក្នុងរយៈពេល ០៧ (ប្រាំពីរ)ថ្ងៃជា កំហិតចាប់ពីថ្ងៃជូនដំណឹង ជាសាធារណៈនេះ»

លោកមេធាវីបញ្ជាក់ទៀតថា កូនក្តីខ្លួនរក្សាសិទ្ធិក្នុងការចាត់វិធានការណ៍ច្បាប់ ប្រសិនបើលោក ផល សុខសាន្ត នៅតែបន្ត គេចវេសពុំព្រមចូលខ្លួនមកដោះស្រាយជាមួយម្ចាស់បំណុល ឬអ្នកតំណាងម្ចាស់បំណុលតាមការកំណត់ខាងលើ ដោយគ្មានការជូនដំណឹងជាថ្មីម្តងទៀតនោះទេ៕