(អារ៉ាប៊ីសាអ៊ូឌីត)៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាបេសកកម្មពិសេសរបស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្តការឥស្លាម (OIC) បានជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ ហ្វៃសាល់ ពិន ហ្វាតហាន អាល់ សាអ៊ូដ ( H.H Prince Faisal Bin Farhan Al-Saud) រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអ៊ូឌីត។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស ទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានរំលឹកពីដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់នៅកម្ពុជា ដែលបានចូលជួបសម្ដែងការគួសមជាមួយសម្ដេចតេជានាយករដ្ឋមន្ត្រី និងបានជួបពិភាក្សាទ្វេភាគី និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស។ ក្នុងនេះដែរ ព្រះអង្គម្ចាស់ក៏បានចូលរួមសម្ដែងនូវការសោកស្ដាយ ជាមួយសម្ដចតេជោ និងក្រុមគ្រួសារ ដែលបានបាត់បង់ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ជាបងរបស់សម្ដេចផងដែរ។

ជំនួបនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមក បានសម្របសម្រួលដល់ពលរដ្ឋឥស្លាមកម្ពុជា ទទួលបាននូវអាហារូបករណ៍ ការសាងសង់វិហារ សាលារៀន ការមកបំពេញកាតព្វកិច្ចបុណ្យហាជ្ជី។ ជាមួយគ្នានោះ លោកក៏បានស្នើសុំដល់ភាគីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យជួយសម្រួលបន្ថែមទៀតក្នុងការបង្កើនចំនួនអ្នកធ្វើហាជ្ជីសម្រាប់កម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋឥស្លាមកម្ពុជា មានឱកាសទៅធ្វើបុណ្យហាជ្ជីបានច្រើនក្នុងការបំពេញកាតព្វកិច្ចដ៏សំខាន់នេះ។

លោកបណ្ឌិតក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះការគាំទ្រដល់កម្ពុជាជានិច្ច ក្នុងការស្នើសុំចូលជាសមាជិកសង្កេតការណ៍នៃអង្គការសហប្រតិបត្តការឥស្លាម (OIC) ដែលជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ (UN)។

លោកបណ្ឌិតក៏បានលើកឡើងពី សន្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដូចជាវិស័យ ពាណិជ្ជកម្មទេសចរណ៍ កសិកម្ម អប់រំ មនុស្សធម៌ និង វិស័យផ្សេងៗទៀត។ ជាមួយគ្នានោះ លោកក៏បានស្នើឲ្យភាគីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជួយសហការ និងផ្សព្វផ្សាយដល់ប្រជាជន សហគ្រិន អ្នកវិនិយោគ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកវិនិយោគ លើវិស័យនានា រួមទាំង វិស័យហាឡាល និងទស្សនានៅកម្ពុជា ដោយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយប្រទេស អារ៉ាប៊ីសាអ៊ូឌីត។

ជាកិច្ចឆ្លើយតប ព្រះអង្គម្ចាស់ ហ្វៃសល់ ពិន ហ្វាតហាន បានមានព្រះបន្ទូលថា ព្រះអង្គទទួលសិក្សាលើសំណើខាងលើ ដោយព្រះអង្គបញ្ជាក់យ៉ាងច្បាស់ថា ចំពោះកិច្ចការធ្វើបុណ្យហាជ្ជី ដោយបញ្ហាកូវីដ-១៩ ជាហេតុដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានកំណត់ចំនួនជាក់លាក់ ដើម្បីទប់ទល់ស្ថានការណ៍កូវីដក្នុងប្រទេស និងរក្សាសុវត្ថិភាពដល់អ្នកទៅប្រតិបត្តិបុណ្យហាជ្ជី។ ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា នឹងខិតខំសម្រួលជាមួយក្រសួងពាក់ព័ន្ធដើម្បីសម្រួលឲ្យកាន់តែទូលំទូលាយដល់កម្ពុជាសម្រាប់ឆ្នាំក្រោយៗទៀត។

ព្រះអង្គសង្ឃឹមខ្ពស់ ចំពោះការដឹកនាំរបស់រាជរដ្ឋភិបាលកម្ពុជា ដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យមាននូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយបានធ្វើឲ្យសាសនាទាំងអស់នៅកម្ពុជា ទទួលបានសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេស សហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់នូវគោលនយោបាយជូនជាច្រើន ដែលបានធ្វើឲ្យមានការរីកចម្រើន ទាំងវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម។

ចំពោះការវិនិយោគនៅកម្ពុជាវិញ ព្រះអង្គបានលើកឡើងថា នឹងសិក្សាបន្ថែមទៀតដើម្បីជំរុញអ្នកវិនិយោគទុននៃប្រទេសខ្លួន មកវិនិយោគនៅកម្ពុជា។ ព្រះអង្គបានមានព្រះបន្ទូលថា កម្ពុជាមានប្រភពវត្ថុធាតុដើមច្រើន មិនមែនតែលើវិស័យកសិកម្មប៉ុណ្ណោះទេ មានទាំងវិស័យរ៉ែ ថាមពលផងដែរ៕