(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ដែលត្រូវជាក្មួយប្រុសបង្កើត របស់សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះសារថ្លែងអំណរព្រះរាជគុណថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ, អរគុណចំពោះគណៈសង្ឃនាយក ព្រះថេរានុថេរគ្រប់ព្រះអង្គ និងថ្នាក់ដឹកនាំ អង្គនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ព្រមទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស និងប្រជាពលរដ្ឋ ដែលបានចូលរួមរំលែកទុក្ខមរណភាព សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ានី៖

«ជំនួសមុខក្រុមគ្រួសារនៃសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទូលព្រះបង្គំជាខ្ញុំ សូមបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភម្គល ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុនណេង ភរិយានៃសព និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្អូនប្រុសនៃសព ព្រមទាំងក្រុមគ្រួសារសាច់ញាតិទាំងអស់នៃសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

ទូលព្រះបង្គុំជាខ្ញុំ ក៏សូមឆ្លៀតឱកាសនេះ ថ្វាយនូវការអរព្រះគុណចំពោះព្រះអង្គ ដែលសព្វព្រះរាជហរទ័យ ត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់ឯកឧត្តមហ៊ុន ណេង ជា «សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង»។ ព្រះរាជប្រទាននេះ ឆ្លើយតបយ៉ាងប្រត្យក្សទៅនឹងការចូលរួមរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារគ្រប់ជំនាន់ ក្នុងបុព្វហេតុរួមនៃការធានាកិច្ចការពាររបបរាជានិយម ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក ដែលនេះជាភាពស្មោះត្រង់ក្នុងនាមប្រជាជនខ្មែរដែលគោរពចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្ក និងរបបរាជានិយមឥតងាករ៉េ។ ការត្រាស់បង្គាប់ផ្តល់គោរមងារជូនដល់សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់ក្រុមគ្រួសារនៃសព។

នាឱកាសនេះដែរ ខ្ញុំព្រះករុណាខ្ញុំ ជំនួសមុខឱ្យក្រុមគ្រួសារនៃសព សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរគ្រប់ព្រះអង្គដែលបានផ្ញើសាររំលែកទុក្ខ និងការនិមន្តចូលរួមក្នុងពិធីបុណ្យសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដោយផ្ទាល់។

ខ្ញុំបាទ ក៏សូមថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គនីតិបញ្ញាត្តិ អង្គនីតិប្រតិបត្តិ ព្រមទាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ដែលបានផ្ញើសាររំលែកទុក្ខ ក៏ដូចជាការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង ដោយផ្ទាល់នៅខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ឥស្សរជន និងតំណាងរបស់បណ្តាគណបក្សនយោបាយនានា ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត និងអង្គទូតនៃបណ្តាប្រទេសមួយចំនួនប្រចាំនៅកម្ពុជា ដែលបាន និងកំពុងបន្តផ្ញើសាររំលែកទុក្ខជាបន្តបន្ទាប់ជាមួយក្រុមគ្រួសារនៃសព។

ជាចុងក្រោយ ក៏សូមអរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ ស្ថាប័នមិនមែនរដ្ឋាភិបាល សមាគម រួមទាំងបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យ និងការដង្ហែសពសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ សូមថ្លែងអំណរព្រះរាជគុណ សូមគោរពថ្លែងអំណរគុណ សូមថ្លែងអំណរគុណ និងសូមអរគុណ»។

សូមជម្រាបថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ៕