(ភ្នំពេញ)៖ ឯកឧត្ដម ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ អ៊ុន សុគន្ធា សមាជិការដ្ឋសភាជាតិនិងជាតំណាងរាស្ត្រមណ្ឌលកំពត បានសម្តែងនូវសមានចិត្តរន្ធត់ក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពរបស់មហាឧបាសិកា ឈា ឡាង ដែលជាភរិយារបស់លោក ម៉ុក ម៉ារ៉េត សមាជិកសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។

ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ «ខ្ញុំបាទពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត ដែលមរណភាពនេះ គឺជាការបាត់បង់នូវឧត្តមភរិយាជាទីស្រលាញ់ មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃដែលជាទីគោរពស្រឡាញ់បំផុតរបស់ស្វាមី ព្រមទាំងកូនៗ និងចៅៗ»

«ក្នុងឱកាសដ៏សែនសោកសង្រេងនេះ តាងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យជាទីបំផុតជាមួយឯកឧត្តមមបណ្ឌិត និងក្រុមគ្រួសារនៃសព និងសូមគោរពឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាឧបាសិកា ឈា ឡាង ម៉ុក ម៉ារ៉េត បានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»

សូមបញ្ជាក់ថា មហាឧបាសិកា ឈា ឡាង បានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ៕