(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ទ្រង់អនុញ្ញាតឱ្យ លោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិន ប្រចាំកម្ពុជា ចូលគាល់សម្តែងការគួរសម។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា នៅក្នុងជំនួបរវាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា គឺបានជជែកអំពីទំនាក់ទំនងគណបក្សកុម្មុយនិស្តចិន និងគណបក្សហ៊្វុនស៊ិនប៉ិច។

ក្នុងជំនួបនេះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងអំណរគុណដល់ប្រទេសចិន ដែលតែងតែយកចិត្តទុកដាក់ផ្តល់ជំនួយជាច្រើន មកដល់កម្ពុជា ទាំងសេដ្ឋកិច្ច គាំពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងវិស័យសុខាភិបាល...ជាដើម។ គណបក្សកុម្មុយនិស្តចិនក៏តែងតែផ្តល់ការគាំទ្រផ្នែកបណ្តុះបណ្តាលយុវជន មកដល់គណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។

បើតាមលោក ញឿន រ៉ាដែន, ព្រះអង្គក៏បានមានព្រះបន្ទូល បន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាប្រពៃណីជាមួយមហាមិត្តចិន និងគាំទ្រគោលជំហរនយោបាយចិនជានិច្ច៕