(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពាតជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងដែលលិចក្នុងទន្លេ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះជួបសំណេះសំណាល និងទស្សនកិច្ចការងារប្រតិបត្តិការ នៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹក របស់អង្គភាពស៊ីម៉ាក់ នៅការដ្ឋានភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ព្រំប្រទល់ស្រុកលើកដែក ខេត្តកណ្តាល។

នាយឧត្តមសេនីយ៍ នាង ផាត បានកោតសរសើរ ដល់ក្រុមការងារអន្តរក្រសួងជាពិសេសអង្គភាព ពិសេសបោសសម្អាតយុទ្ធ ភណ្ឌក្រោមទឹករបស់អង្គភាពស៉ីម៉ាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រតិបត្តិការរបស់ខ្លួន ប្រកបដោយលទ្ធផលផ្លែផ្កា។

បើយោងតាមរបាយការណ៍របស់អង្គភាពស៉ីម៉ាក់បានឱ្យដឹងថា រយៈពេលនៃប្រតិបត្តិបត្តិការចែកចេញជា២វគ្គ រួមមាន៖

ទី១៖ ការស្រាវជ្រាវបច្ចេកទេស មានរយៈពេល០៥ខែ (មករា-ឧសភា ឆ្នាំ២០២២)។
ទី២៖ ការបោសសម្អាតស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបំបែកនាវា មានរយៈពេល៧ខែ (មិថុនា-ធ្នូ ឆ្នាំ២០២២)។

លទ្ធផលនៃការស្រាវជ្រាវបច្ចេកទេសកំណត់ភស្តុតាង ជាក់ស្តែងនៅចំណុចរូបភាព និងសញ្ញាលោហធាតុ ដែលឧបករណ៍រាវ ឬឧបរណ៍ Scan បានបង្ហាញ។ តាមរយៈការស្រាវជ្រាវស្វែងរកភស្តុតាងនេះ ក្រុមជំនាញបានបូមចោះៗនៅចំណុចមានសញ្ញាសម្គាល់ ដោយប្រមូលបានគ្រាប់មិនទាន់ផ្ទុះចំនួន៦៤០គ្រាប់ និងសម្បកអំបែងគ្រាប់ប្រមាណ ២,០០០សំបកគ្រាប់ ដែលមានទង្ងន់ប្រមាណ៨តោន។

ផ្អែកតាមមូលដ្ឋានបច្ចេកទេស ក្រុមអ្នកជំនាញបានកំណត់ផែនទី ដែលមាននិយាមច្បាស់លាស់ កំណត់តំបន់រងផលប៉ះពាល់ ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយការលិចនាវាដឹកគ្រាប់នេះ មានផ្ទៃចំនួន ៣៤៨ហិកតា ក្នុងនោះមានតំបន់បាតទន្លេចំនួន ២៦៨ហិកតា និងតំបន់គោកចំនួនប្រមាណ ៨០ហិកតា តំបន់លិចទឹក ២៦៨ហិកតា ក្នុងនោះតំបន់ហានិភ័យខ្ពស់ចំនួន១៩៧ហិកតា និងតំបន់ហានិភ័យមធ្យមចំនួន ៧១ហិកតា ដែលមានចំណុចគំនគ្រាប់ ឬបំណែកនាវាចំនួន ១,៣០២ចំណុច។

ក្នុងពិធីនេះដែរនាយឧត្តមសេនីយ៍ ប្រធានក្រុមការងារអន្តរក្រសួង ក៏បាននាំយកអំណោយ និងថវិកា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្តល់ជូនកម្លាំងរបស់អង្គភាពស៉ីម៉ាក់ ដែលកំពុងប្រតិបត្តិការផងដែរ៕