(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាមួយរវាង ក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន ដោយកិច្ចប្រជុំបានលើកយកបញ្ហាប្រឈម និងដំណោះស្រាយចំនួន១៥ចំណុចជូនដល់ផ្នែកឯកជន។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ បានយកចិត្តទុកដាក់ស្តាប់ការលើកឡើង ពីបញ្ហាប្រឈមនីមួយៗពីផ្នែកឯកជន និងបានពិភាក្សាផ្តល់ដំណោះស្រាយជាលទ្ធផលដូចជា៖

១៖ អត្រាការប្រាក់លើប្រាក់កម្ចីរវាងបុគ្គលទាក់ទិន៖ អគ្គនាយដ្ឋានពន្ធដារបានទទួលយកសំណើរបស់ផ្នែកឯកជន ដែលធ្វើការកែសម្រួល នូវតម្រូវការផ្តល់ឯកសារគាំទ្រ ក្នុងការអនុវត្តអត្រាការប្រាក់សូន្យ ចំពោះប្រាក់កម្ចីរវាងបុគ្គលទាក់ទិន។

២៖ ការបញ្ចេញចោលទ្រព្យសកម្ម៖ អគ្គនាយកដ្ឋានពន្ធដារ បានសន្យានឹងរៀបចំសេចក្តីណែនាំបញ្ជាក់បន្ថែម ដោយបញ្ចូលចំណុចមួយចំនួន ដែលផ្នែកឯកជនបានស្នើសុំ ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់អ្នកជាប់ពន្ធ។

៣៖ ប្រាក់ធានារបស់អតិថិជន៖ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា រាល់ប្រាក់ធានា និងប្រាក់សំណងពីអាជីវកម្ម គឺមិនត្រូវជាប់អាករលើតម្លៃបន្ថែមនោះទេ។

៤៖ ពន្ធលើស្លាកផ្សាយពាណិជ្ជកម្ម១ និង៥៖ ពន្ធលើស្លាកផ្សាយពាណិជ្ជកម្ម២
អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំរបាយការណ៍ ជូនអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យ និងសម្រេចពីស្ថាប័នដែលត្រូវមានភារកិច្ចប្រមូលពន្ធ លើស្លាកយីហោនេះរួចហើយដែរ ដូច្នេះស្នើសុំឱ្យផ្នែកឯកជនជំរុញការដោះស្រាយបញ្ហក្នុងក្រុមការងារ «ឃ» ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យជាសហប្រធាន។ ចំណែកឯ ការស្នើសុំអត្រាពន្ធដូចគ្នា ចំពោះស្លាកយីហោ និងស្លាកផ្សាយពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារទទួលយកការស្នើសុំនេះ ដោយរង់ចាំការធ្វើវិសោធនកម្មច្បាប់ជាមុនសិន ដូច្នេះផ្នែកឯកជនត្រូវបន្តអនុវត្តអត្រាពន្ធដែលនៅជាធរមានសិន។

៦៖ ការបង្វិលសងប្រាក់អតប៖ អគ្គនាយកដ្ឋានពន្ធដារបានសន្យាជំរុញការបង្វិលសងប្រាក់ អតប ជូនសហគ្រាស តាមរយៈពេលកំណត់ក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានស្នើឱ្យសហគ្រាសធ្វើការស្នើសុំបង្វិលសងឱ្យឆាប់រហ័យ ហើយអគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ច្បាស់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារមិនអាចបង្វិលសងប្រាក់អាករពីវិក្កយបត្រដែលកើតឡើងយូរឆ្នាំ និងមិនផ្ទៀងផ្ទាត់បាននោះទេ។

៧៖ ប្រតិបត្តិការលក់ក្រៅព្រំដែនកម្ពុជា៖ អគ្គនាយកដ្ឋានពន្ធដារបានទទួលយកសំណើ លើការសិក្សាបន្ថែមពីប្រតិបត្តិការលក់ក្រៅព្រំដែនកម្ពុជា ដើម្បីទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។

៨៖ ការកំណត់ពន្ធកាត់ទុក១៤% លើប្រាក់ចំណូលបានបង់ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា និង៩៖ ការកំណត់ពន្ធលើអត្ថប្រយោជន៍បន្ថែម លើពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែមបង់ជំនួស គឺអគ្គនាយកដ្ឋានពន្ធដារបានដោះស្រាយការកំណត់ពន្ធ លើអត្ថប្រយោជន៍បន្ថែមដែលក្រុមហ៊ុនបង់ជួសបុគ្គលិក និងការកំណត់ពន្ធកាត់ទុក១៤% លើប្រាក់ចំណូលដែលបុគ្គលិកធ្វើការ នៅក្រុមហ៊ុនកូននៅកម្ពុជាដែលបើកឱ្យសមាជិកគ្រួសារខ្លួន តាមរយៈក្រុមហ៊ុនមេនៅក្រៅប្រទេសស្របពេលដែលប្រាក់ចំណូលនេះ បានបញ្ចូលក្នុងមូលដ្ឋានគិតពន្ធបៀវត្សបុគ្គលិកនៅកម្ពុជារួចហើយ។

១០៖ វិញ្ញាបនបត្រអនុលោមភាពសារពើរពន្ធ និងលិខិតបញ្ជាក់ពីការកាន់កាប់បញ្ជីការគណនេយ្យត្រឹមត្រូវ៖ អគ្គនាយកដ្ឋានពន្ធដារក៍បានទទួលយកសំណើនៃ ការបញ្ចូលវិញ្ញាបនបត្រអនុលោមភាពសារពើរពន្ធ ជាមួយនឹងលិខិតបញ្ជាក់ពីការកាន់កាប់បញ្ជីការគណនេយ្យត្រឹមត្រូវ ដើម្បីឱ្យសហគ្រាសដែលមានកម្រិតអនុលោមភាពប្រភេទមាស ទទួលបានការលើកលែងពន្ធអប្បបរមាជាស្វ័យប្រវត្តិ ដែលជាការលើកទឹកចិត្តដល់អ្នកជាប់ពន្ធដែលបានខិតខំគោរពច្បាប់បានល្អប្រសើរ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ដោយឡែកចំពោះបញ្ហាមួយចំនួនទៀត ដូចជាចំណុចទី១១៖ ការកំណត់ពន្ធជាឯកតោភាគី ចំណុចទី១២៖ ប្រាក់បៀវត្សទូទាត់ក្រោយរយៈពេល៦០ថ្ងៃ, ចំណុចទី១៣៖ សវនកម្មមានកម្រិត និងសវនកម្មពេញលេញក្នុងឆ្នាំតែ១ ចំណុចទី១៤៖ ការស្នើសុំឯកសារក្នុងការធ្វើសវនកម្មមានកម្រិត និងចំណុចទី១៥៖ និតិវិធីនៃការប្រមូលចំណុលពន្ធ គឺអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការពន្យល់ ដល់ផ្នែកឯកជនអំពីកាតព្វកិច្ចគោរពច្បាប់ ដែលមានជាធរមាន និងស្នើពង្រឹងការលើកកម្ពស់អភិបាលកិច្ចល្អ របស់ក្រុមហ៊ុនឱ្យបានល្អប្រសើរ និងអនុវត្តការងារប្រកបដោយតម្លាភាព ខណៈដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅ៕