(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញបកស្រាយបំភ្លឺជុំវិញការធ្វើ «ប័ណ្ណព្រំដែនកម្ពុជា-ថៃ» ជូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ ឬរងការចាញ់បោកពីសំណាក់ ជនខិលខូចមួយចំនួនដែលយកលុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងការរត់ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃនេះ។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា កន្លមក មានប្រជាពលរដ្ឋមួយចំនួនមានការភ័ន្តច្រឡំ ហើយក៏មានជនឆ្លៀតឱកាសមួយចំនួនបានបំផុសចលនាឱ្យប្រជាពលរដ្ឋ ដែលមានទីលំនៅក្រៅពីខេត្តឧត្តរមានជ័យ ថាអាចធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃនៅអង្គភាពច្រកចេញចូលតែមួយខេត្ត ឬនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ តាមរយៈការធានាជួយរត់ការ ឬជូនមកដល់ទីតាំងផ្ដល់សេវាផ្ទាល់។

ត្រង់ចំណុចនេះ រដ្ឋបាលខេត្តឧត្តរមានជ័យបានបកស្រាយបំភ្លឺជូនថា យោងប្រកាសលេខ ១៤៧៧ ប្រក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់ប័ណ្ណព្រំដែនកម្ពុជា-ថៃ «ប័ណ្ណព្រំដែនកម្ពុជា-ថៃ» អាចផ្តល់ជូនបានតែប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានលំនៅឋានអចិន្ត្រៃយ៍នៅក្នុងខេត្តដែលសាមីខ្លួនស្នើសុំប័ណ្ណព្រំដែនប៉ុណ្ណោះ ក្នុងតម្លៃ២០,០០០រៀល ដោយសាមីខ្លួនត្រូវបង្ហាញមុខដោយផ្ទាល់ជាមួយមន្ត្រីមានសមត្ថកិច្ចនៅទីតាំងផ្តល់សេវា រៀងរាល់ម៉ោងធ្វើការ និងភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធ រួមមាន៖

* ពាក្យស្នើសុំប័ណ្ណព្រំដែនចំនួន១ច្បាប់ ដោយមានបិទរូបថត ចុះហត្ថលេខា ឬផ្តិតមេដៃស្តាំរបស់សាមីខ្លួននៅលើពាក្យស្នើសុំ (ពាក្យស្នើសុំមានផ្តល់ជូននៅទីតាំងផ្តល់សេវាដោយឥតគិតថ្លៃ)។

* រូបថតសាមីខ្លួនបច្ចុប្បន្ន ទំហំ ៤x៦ ថតចំពីមុខគ្មានពាក់មួក ឬវ៉ែនតា ចំនួន២សន្លឹក។

* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតដែលជាច្បាប់ដើម ឬថតចម្លងត្រឹមត្រូវតាមច្បាប់ដើម។

* សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

ដូច្នេះហើយរដ្ឋបាលខេត្តឧត្តរមានជ័យក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចាញ់បោកការឃោសនា បោកបញ្ឆោតអំពីការឱ្យអញ្ជើញមកទទួលសេវា ឬការធានារៀបចំរត់ការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃជូនឱ្យសោះ ជៀសវាងខាតបង់ពេលវេលា និងថវិកាដោយអសារបង់៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖