(វ៉ាស៊ីនតោន, អាមេរិក)៖ នៅវេលាម៉ោងប្រមាណ ៤ព្រឹកថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង១៧៖០០នាទីថ្ងៃទី១១ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជា ២ពាន់នាក់។

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា បាននាំគ្នាស្កាត់ទៅជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីបានចូលជួបសម្តេចតេជោ។ ការស្កាត់ជួបសម្តេចតេជោ ពីសំណាក់ខ្មែរនៅអាមេរិក និងកាណាដានេះ ដើម្បីបង្ហាញនូវការនឹករលឹក និងការគោរពរបស់ពួកគេចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងដឹកនាំ និងកសាងជាតិកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។ ជាពិសេសបានលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។ ជាក់ស្តែងវត្តមានរបស់សម្តេចតេជោ ធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គឺការលើកតម្កើងកិត្តិយសជាតិ ពោរពេញដោយមោទនភាព។

ប្រជាពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះវីរភាព និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ពួកគេបានមើលឃើញថា សម្តេចតេជោ ជាមេដឹកនាំដែលស្មោះស្ម័គ្រភក្តី និងមានក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះជាតិ និងប្រជាជនកម្ពុជា។ ផ្តើមចេញពីក្តីស្មោះស្ម័ក្រ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះជាតិ និងប្រជាជននេះហើយ ទើបសម្តេចបានប្រឹងប្រែងពុះពារគ្រប់ឧបសគ្គទាំងឡាយ សូម្បីជីវិតក៏ហ៊ានលះបង់ ដើម្បីនាំមកនូវសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម កសាង និងអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ពលរដ្ឋខ្មែរនៅអាមេរិក និងកាណាដា បានអះអាងថា ការដែលពួកគេមកជួបសំណេះសំណាលជាមួយសម្តេចតេជោ គឺជាកាយវិការ គឺជាទង្វើដែលផុសចេញពីចិត្ត ផុសចេញពីដូង នៃការគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន មិនមែនជាការជួល ឬទិញដូរ ដូចការលើកឡើងពីក្រុមច្រណែននិន្ទាមួយក្រុមណានោះឡើយ៕