(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានលើកឡើងពីភាពសំខាន់របស់តួអង្គ៤ ក្នុងការឈានទៅរកជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។

ការលើកឡើងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ កងកម្លាំងនគរបាល និងមេភូមិទាំង៧៤ភូមិ សរុបចំនួន២៣៧ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ថា ការជួបជុំគ្នានៅពេលនេះ គឺមានការចូលរួមជាមតិយោបល់ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយក្នុងនោះបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជន ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។

លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងថា ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតខាងមុខនេះ គឺចាំបាច់ត្រូវមានការចូលរួមពីតួអង្គសំខាន់ៗ៤ដោយខានពុំបាន ក្នុងនោះរួមមាន៖

* តួអង្គទី១៖ បេក្ខជនទាំងពេញសិទ្ធ និងបម្រុងត្រូវចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយលើកបង្ហាញពីសមិទ្ធផលជាច្រើនដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។

* តួអង្គទី២៖ មេឃុំ មេភូមិត្រូវធ្វើអំពើល្អ បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អ។

* តួអង្គទី៣៖ មេប៉ុស្តិ៍ត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ជាមូលដ្ឋានពុំមានគ្រឿងញៀន ពុំមានបងតូចបងធំ ពោលគឺភូមិ-ឃុំ ត្រូវមានសុវត្ថិភាព។

* តួអង្គទី៤៖ ក្រុមការងារចុះជួយមូលដ្ឋានត្រូវផ្តល់នូវមធ្យោបាយទាំងសម្ភារ និងថវិកាសម្រាប់បម្រើផលប្រយោជន៍នៅក្នុងមូលដ្ឋានឲ្យមានការរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានោះដែរ ប្រធានគណៈកម្មាធិការបក្សស្រុកជើងព្រៃ លោក នាយ វ៉ាន់ស៊ី បានលើកឡើងអំពីការងារសំខាន់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការបក្សស្រុកជើងព្រៃ សម្រេចដូចខាងក្រោម៖

* បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ចំនួន២ថ្ងៃ កាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៥៨៣នាក់ នៃចំនួនសិក្ខាកាមដែលត្រូវចូលរួមចំនួន៧៧៥នាក់ ក្នុងនោះភ្នាក់ងារគណបក្សប្រជាជនកម្ពុជាចំនួន២៦៨នាក់ យុវជន ស.ស.យ.ក. ចំនួន១៧៦នាក់ និងសមាគមនារីចំនួន១៣៩នាក់។

ចំពោះសិក្ខាកាមអវត្តមានចំនួន១៩២នាក់ គណបក្សស្រុកនឹងរៀបចំវគ្គបណ្តុះបណ្តាលបន្ត។ វគ្គបណ្តុះបណ្តាលខាងលើនេះ លោក ម៉ា ឈឿន និងលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី បានឧបត្ថម្ភថវិកាចំនួន១៨,៧០៦,២៥០រៀល ចំណាយលើកិច្ចការរៀបចំវគ្គបណ្តុះបណ្តាលទាំងមូល។

* ក្រៅពីការងារខាងលើ ក្រុមការងារគ្រប់ថ្នាក់គ្រប់ក្រុមតែងតែចុះតាមមូលដ្ឋានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចិញ្ចឹមចលនាគណបក្ស ជាពិសេសសមាជិកបក្សដែលជួបទុក្ខលំបាកផ្សេងៗ ដូចជា ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ រន្ទះបាញ់ គ្រោះរាំងស្ងួត ប៉ះពាល់អ្នក វិជ្ជមានកូវីដ និងការសម្រាកព្យាបាលជំងឺកូវីដ១៩ជាដើម។

បន្ទាប់ពីស្ដាប់របាយការណ៍ខាងលើហើយ លោកបណ្ឌិត ម៉ា ឈឿន បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ទាំងអស់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំខាងលើនេះ។

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកជើងព្រៃរូបនេះ ក៏បានផ្តាំផ្ញើឱ្យតួអង្គពាក់ទាំង៤ខាងលើត្រូវសហការគ្នាខិតខំបន្តយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ក្នុងការធ្វើការឱ្យបានល្អ គុណភាពក្នុងការបម្រើប្រជាពលរដ្ឋបានល្អ សកម្ម តម្លាភាព ទទួលខុសត្រូវខ្ពស់ និងយុត្តិធម៌ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយ ព្រមទាំងទទួលយកសំណូមពរ នានាពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបន្តស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពជួយការងារគណបក្សទាក់ទាញនូវការជឿជាក់ប្រកបដោយភាពកក់ក្តៅ ការស្រលាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋមកលើខ្លួន ទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាក្នុងការដណ្តើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នំា២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ៕