(ភ្នំពេញ)៖ ក្រុមយុវជនសកម្មរបស់គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញប្រមាណ៥,០០០នាក់ ដែលស្ថិតក្រោមការជ្រោមជ្រែងរបស់លោក ឡី សុភាព បានប្ដេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមការពារសន្តិភាពជាមួយគណបក្សប្រជាជន និងប្រជាជនកម្ពុជានៅទូទាំងប្រទេស។

ការប្ដេជ្ញានេះគឺទទួលបានការស្វាគមន៍ពីសំណាក់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាឱកាសពិធីសំណេះសំណាល ជាមួយសកម្មជនយុវជនរបស់គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ។

ការសម្រេចចិត្តរបស់ក្រុមយុវជនទាំងនេះ ដោយសារពួកគេចង់ចូលរួមការពារសុខសន្តិភាពដែលរកបានដោយលំបាក ព្រោះសន្តិភាពគឺជាបុព្វហេតុសំខាន់ជាង ធំជាងគេ ដែលប្រជាជាតិនីមួយៗតែងតែប្រាថ្នាចង់បាន។ ក្រុមយុវជនទាំងនេះបានមើលឃើញតម្លៃសន្តិភាពយ៉ាងប្រត្យក្ស តាមរយៈសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនដែលផ្ដល់ក្ដីវិនាសអន្តរាយដល់ប្រជាជន, នេះបើតាមការឡើងប្ដេជ្ញាចិត្តរបស់តំណាងពួកគេ។

នាឱកាសនោះ លោក ឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានប្រកាសថា សមាជិក-សមាជិកាសកម្មរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញប្រមាណ៥,០០០នាក់ បានចុះឈ្មោះបោះឆ្នោតរួចហើយ និងត្រៀមខ្លួនរួចជាស្រេចក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេសសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ក៏ដូចជាការបោះឆ្នោតសកលនាឆ្នាំ២០២៣។

លោក ឡី សុភាព និងក្រុមយុវជនសកម្មទាំង៥ពាន់នាក់នោះ ក៏បានប្រកាសបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគតផងដែរ។

លោក ឡី សុភាព បានបន្តថា «ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមថែរក្សាសន្តិភាពឱ្យនិរន្តរភាពតទៅមុខ ដែលយើងរកបានដោយលំបាក»

នាឱកាសនោះដែរ លោក ឃួង ស្រេង បានឱ្យដឹងថា ប្រទេសកម្ពុជា បើគ្មានសន្តិភាពទេ គឺយើងគ្រប់គ្នាមិនអាចរករបរចិញ្ចឹមជីវិតបាននោះទេ ដូច្នេះសូមឱ្យប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជាទាំងអស់រួមគ្នារក្សាសន្តិភាពឱ្យបាន ហើយដើម្បីរក្សាសន្តិភាពនេះ គឺមានតែមធ្យោបាយតែមួយគត់ គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង បានបន្តថា នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជាមានសមាជិកបក្សរបស់ខ្លួនជាង៧០ភាគរយ ដែលចំនួននេះពិតជាបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាមានអ្នកគាំទ្រច្រើនលើសលុប។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គណបក្សប្រជាជននៅតែដុះខាត់សម្រួចឲ្យមុត ដើម្បីអនុវត្តគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា «សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹក នៅពេលបោះឆ្នោត»

សូមជម្រាបថា គណៈកម្មាធិការគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ កាលពីដើមឡើយ ជាសាខាគណបក្សយុវជនសេដ្ឋកិច្ចរាជធានី ហើយក៏បានវិវឌ្ឍខ្លួន និងពង្រីកវិសាលភាពជាបន្តបន្ទាប់ រហូតឈានដល់កាតបង្កើតជាអង្គការចាត់តាំងគណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ចរាជធានីនេះឡើង ដែលបច្ចុប្បន្ននេះមានសាខាចំនួន៦ អនុសាខាចំនួន៣០ ក្រុមបក្សចំនួន៥០ និងមានសមាជិកសរុបជាង៥,០០០នាក់ (ស្រី២,០១៧នាក់) ដែលភាគីច្រើននៅក្នុងវិស័យដីធ្លី សំណង់ ទេសចរណ៍ កសិកម្ម ទីផ្សារបណ្តាញ សុខាភិបាលជាដើម៕