(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានសម្រេចដាក់ពាក្យបណ្តឹងលើករណីប្រើប្រាស់ ដោយក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការពន្ធដាររបស់មនុស្សមួយក្រុម ទៅកាន់អគ្គស្នងការនគរបាលជាតិ។

យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «ខ្ញុំសូមគោរពជម្រាបជូន ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិមេត្តាជ្រាបថា ថ្មីៗនេះអគ្គនាយកដ្ឋានពន្ធដារ បានរកឃើញថា មានមនុស្សមួយក្រុម ដែលក្នុងនោះបានប្រើប្រាស់ និងជាប់ពាក់ព័ន្ធនឹងគណនី ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានឈ្មោះដូចជា Thyrith Sochantha, Thirith Kong, ហម ផល្គុន, នឹង Princess Small បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន ដោយមានសកម្មភាពដូចជា ស្លៀកពាក់ឯកសណ្ឋាន ដែលមានទម្រង់ជាមន្ត្រីរាជការពន្ធដារ បង្ហោះរូបភាពក្នុងឯកសណ្ឋាន ឬមានពាក់កាតសម្គាល់អង្គភាពនៅមុខរដ្ឋបាលខេត្តមួយចំនួន ហើយគណនី Thyrith Sodantha និង Princess Small ក៏បានបង្ហាញក្នុងគណនីរបស់ខ្លួនថា កំពុងបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារទៀតផង»

ករណីនេះ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា មនុស្សមួយក្រុមខាងលើនេះពុំមានឈ្មោះក្នុងរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនោះទេ ទាំងសម្រាប់មន្ត្រីរាជការពន្ធដារ និងមន្ត្រីជាប់កិច្ចសន្យា។ ដូចនេះ អគ្គនាយកដ្ឋានពន្ធដារសង្ស័យថា ជាការប្រើប្រាស់សម្លៀកបំពាក់ និងឺឯកសណ្ឋានពន្ធដារក្នុងគោលដៅទុច្ចរិតណាមួយ ដូចជាការក្លែងបន្លំ ឬឆបោក អ្នកជាប់ពន្ធឬសាធារណជន តាមរូបភាពណាមួយជាយថាហេតុ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងនូវកិត្តិយស សេចក្តីថ្លៃថ្នូរ និងការបំពេញការងារស្របច្បាប់របស់អគ្គនាយកដ្ឋានពន្ធដារ។

ការក្លែងបន្លំនេះ គឺបានធ្វើឱ្យខូចខាត ដោយចេតនានូវការពិត ដែលសម្តែងចេញជាក់ស្តែង ដោយមានកម្មវត្ថុច្បាស់លាស់ និងអាចបណ្តាលឱ្យមានការខាតបង់ ដល់ចំណូលពន្ធរដ្ឋយ៉ាងធ្ងន់ធ្ងរតាមរយៈការក្លែងបន្លំនេះ។ ការក្លែងបន្លំនូវសម្លៀកបំពាក់ និងឯកសណ្ឋានរបស់មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារនេះ ជាអំពើល្មើសធ្ងន់ធ្ងរ ដូចមានចែងក្នុងមាត្រា៦១០, មាត្រា៦១២ នៃក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា។៕

សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖