(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ក្នុងពិធីសំណេះសំណាលនោះ ក្រៅពីការថ្លែងមតិស្វាគមន៍ និងណែនាំទៅកាន់សមាជិក សមាជិកា លោក ហ៊ុន ម៉ានី ក៏បានផ្ដល់ឱកាសឲ្យអ្នកចូលរួមសាកសួរនូវសំណួរពាក់ព័ន្ធការដឹកនាំយុវជន និងកិច្ចការងារមួយចំនួន ទៀតផងដែរ។ ក្នុងនោះ និស្សិតម្នាក់បានចោទសួរទៅកាន់លោកថា «ក្នុងនាមជាថ្នាក់ដឹកនាំយុវជន តើការងារអ្វីដែលលំបាកជាងគេ?»។
លោក ហ៊ុន ម៉ានី បានបកស្រាយឡើងវិញ នៅលើទំព័រ Facebook របស់លោកបែបនេះថា៖
«ដំបូងខ្ញុំឆ្លើយថា ខ្ញុំមិនទាន់អាចឆ្លើយក្នុងនាមជាថ្នាក់ដឹកនាំយុវជន តែសូមឆ្លើយក្នុងតួនាទីជាថ្នាក់ដឹកនាំស្ថាប័នយុវជន។ ជាក់ស្តែង ការអនុវត្តការងារសុទ្ធតែហត់មិនថាការងារតូច ឬធំ តែអ្វីដែលអាចនិយាយបាននោះគឺ ខណៈយើងស្ថិតក្នុងតួនាទីកាន់តែខ្ពស់ ការប្រឈម និងដោះស្រាយបញ្ហាកាន់តែពិបាក។
ការណ៍នេះហើយ ដែលទាមទារឱ្យយើងម្នាក់ៗ ត្រូវចេះស្គាល់ ក្តាប់ស្ថានការណ៍ វាយតម្លៃស្ថានភាពឲ្យបានទាន់ពេលវេលា និងចេះប្រើប្រាស់យន្តការដែលមានក្នុងដៃឲ្យអស់ពីសមត្ថភាព ដើម្បីកំណត់ដាក់ចេញជាដំណោះស្រាយណាមួយ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
ទន្ទឺមគ្នានេះ បន្ថែមលើការអនុវត្តភាពជាអ្នកដឹកនាំរបស់ខ្លួន សមត្ថភាពនៃការចេះសម្របសម្រួលក៏សំខាន់មិនអាចកាត់បាន ព្រោះថាវាជាមូលដ្ឋានក្នុងឈានដល់ការសម្រេចចិត្តណាមួយ។
ជាក់ស្តែង ជាមួយនឹងបទពិសោធក្នុងការដឹកនាំ ស.ស.យ.ក. អាចបញ្ជាក់បានថា សិល្បៈនៃការដឹកនាំសំខាន់ តែការចេះដឹកនាំសម្របសម្រួល ប្រកបដោយចក្ខុវិស័យ ទស្សនៈ និងភាពហ្មត់ចត់តែទន់ភ្លន់ ក្នុងការរក្សាទំនាក់ទំនងនឹងមកនូវការរួមគ្នាសម្រេចគោលដៅឆ្ពោះទៅមុនបានវែងឆ្ងាយ និងយូរអង្វែង»។
សូមជម្រាបថា លោក ហ៊ុន ម៉ានី ក្រៅពីតួនាទីជាតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា លោកគឺជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយកន្លងទៅលោកតែងតែចែករំលែកនូវអ្វីដែលជាទស្សនៈទានល្អៗ ទៅកាន់យុវជនជំនាន់ក្រោយ ដើម្បីក្លាយជាទំពាំងមួយដែលមានសក្ដានុពលសម្រាប់ប្រទេសជាតិនៅថ្ងៃអនាគត៕